នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលា ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង អង្គភាពបានបន្តអនុវត្តន៍ផែនការចាត់តាំងកម្លាំងល្បាត និងកងកម្លាំងយាមប្រចាំ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អង្គភាព ដើម្បីធានាសន្តិសុខ និងស្ថិរភាពតាមព្រំដែនជាតិ។

ក្នុងគោលបំណងនៃការការពារសិទិ្ធអធិបតេយ្យ និងសុវត្ថិភាពជាតិ អង្គភាពបានចាត់ចែងឱ្យកងវរសេនាតូចលេខ ៣៣៧ ផ្នែកសឹករងមណ្ឌលសីមា ព្រមទាំងកងឯកភាពចំណុះទាំងអស់ បន្តពង្រឹងការសហការជាមួយអង្គភាពមិត្តដ៏ជិតស្និទ្ធ ដើម្បីអនុវត្តន៍ភារកិច្ចយាមសង្កេតត្រួតពិនិត្យបង្គោលសីមា និងចំណុចគោលដៅសំខាន់ៗផ្សេងៗ តាមដែលបានកំណត់រួចជាស្ថាពរ។ ការប្រតិបត្តិការនេះ គឺជាចំណែកសំខាន់មួយក្នុងការកំណត់ និងតាមដានសភាពការណ៍ណាដែលអាចមានការប្រែប្រួល រឺបង្កការគំរាមគំហាត់តាមព្រំដែនជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តមមេបញ្ជាការ បានផ្តល់បទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបម្រាមថ្នាក់លើ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ប្រកបដោយការគោរពច្បាប់។ កងកម្លាំងត្រូវប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាណាមួយតាមសន្តិវិធី និងគោលការណ៍ច្បាប់អន្តរជាតិ។

សូមជម្រាបថា ឯកឧត្តមមេបញ្ជាការ បានផ្ដាំផ្ញើសំណួរសុខទុក្ខ និងការលើកទឹកចិត្តដល់បងប្អូនកងកម្លាំងទាំងអស់ ដែលកំពុងប្រចាំការបំពេញភារកិច្ចយាមល្បាតក្នុងតំបន់ព្រំដែន និងសូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន និងមានខិតខំប្រឹងប្រែងបន្តរួមចំណែកក្នុងការជៀសវាងរាល់ហានិភ័យ ឬបទល្មើសដែលអាចកើតមាន៕

Share.