ជឿថាប្រិយមិត្តតាមដានសារព័ត៌មានត្រយងច្បាស់ជាធ្លាប់លឺពីឈ្មោះ មេបញ្ជាការកងទ័ពភូមិភាគទី២ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង ជាមេទ័ពមួយរូបតែងតែចេញមុខអះអាងថា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ជាកម្មសិទ្ធរបស់ប្រទេសថៃ ដោយមិនខ្មាសមាត់។ មេទ័ពថៃរូបនេះ ហើយដែលចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ និងតែងតែប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងផ្គើន និងចង់បង្កបញ្ហាជាមួយកម្ពុជាយើងរហូត។

តើបុរសដែលកំពុងក្ដាប់អំណាចទ័ពនៅព្រំដែនកម្ពុជា-ថៃម្នាក់នេះ ជាអ្នកណា? តើលោក មានសាវតាបែបណា ទើបអាចឡើងមកកាន់អំណាចធំបែបនេះបាន? តស់តាមដានទាំងអស់គ្នា៖
ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង ឬជនជាតិថៃហៅថា ប៊ិកគុង មានស្រុកកំណើតនៅតំបន់ភូមិភាគ ២ ធ្លាប់ជាសិស្សនៃសាលាហ្វឹកហ្វឺនត្រៀមយោធាជំនាន់ទី ២៦ ពោលគឺជំនាន់តែមួយជាមួយអគ្គមេបញ្ជាការ ផាណា ក្លេវផ្លុតធុក។ មុនគាត់កាន់តំណែងលោកធ្លាប់ជា មេបញ្ជាការកងវរសេនាតូចជើងគោកលេខ៣ កងវរសេនាធំជើងគោកលេខ៣ ប្រចាំខេត្តសាខុនណាន ។
លោកធ្លាប់ជាមេបញ្ជាការកងអនុសេនាធំលេខ២២ ជានាយសេនាធិការនៃកងពលធំជើងគោកទី៣ ជាមេបញ្ជាការកងវរសេនាធំជើងគោកទី ៣ ជាមេបញ្ជាការកងពលធំជើងគោកលេខ៣ ប្រចាំជំរុំ ស៊ុរ៉ាណារី ខេត្ត នគររាជសីមា ជាមេបញ្ជាការរងយោធភូមិភាគទី២ និងជាមេបញ្ជាការតំបន់កងទ័ពទី ២។ នៅអំឡុងខែកញ្ញា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង ត្រូវបានតែងតាំងជា មេបញ្ជាការកងទ័ពភូមិភាគទី២ ជាផ្លូវការ នៅចំពោះមុខរូបសំណាក់ព្រះបរមរូបរាមាទី ៥ ៕

