ប្រធាន ព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច តេជោ ហ៊ុន សែន សម្រេចកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រី ក្រីក្រ មកពីបណ្ដាខេត្តនានា ដែលឡើងមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ គម្រោងសាងសង់អន្តេវាសិកដ្ឋាននេះ នឹងសាងសង់លើផ្ទៃដី២ហិកតា ដែលចំណាយថវិកា១០លានដុល្លារ។

ថ្លែងប្រាប់ទៅប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានជួបសំណេះសំណាលជាមួយសម្ដេច នៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២៥ សម្ដេច ហ៊ុនសែន បានលើកឡើងយ៉ាងដូច្នេះ៖
«បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេចយកដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន»។
សម្រាប់អន្តេវាសិកដ្ឋាននិស្សិតស្រី ស្នាក់នៅបានចំនួន ៥០០នាក់ ត្រូវការបន្ទប់ចំនួន១២០បន្ទប់ ដោយក្នុង ១បន្ទប់ អាចស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ)។ អន្តេវាសិកដ្ឋាននិស្សិតស្រីនេះ ក៏មានការរៀបចំកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយការសាងសង់ហើយ សម្ដេច ហ៊ុន សែន នឹងប្រគល់អន្តេវាសិកដ្ឋាននេះ ទៅក្រសួងកិច្ចការនារី គ្រប់គ្រងជាសម្បត្តិរដ្ឋ។



ជាចុងក្រោយ សម្ដេច បានលើកឡើងដែរថា៖ «ខ្ញុំសង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ»៕

