ត្រី Oarfish ដែលជាត្រីដ៏កម្រ និងវែងជាងគេបំផុតរបស់មហាសមុទ្របានគេប្រទះឃើញឡើងមកទើរលើឆ្នេរសមុទ្រក្នុងរដ្ឋ Tasmania ប្រទេសអូស្រ្តាលី កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

ត្រី Oarfish នេះមានប្រវែង ៣ម៉ែត្រ វាត្រូវបានស្រ្តីម្នាក់ប្រទះឃើញដោយចៃដន្យពេលកំពុងដើរលេងលើឆ្នេរសមុទ្រ។ ស្រ្តីរូបនោះបានបញ្ជាក់ថា ដំបូងនាងមិនស្គាល់ត្រីនេះទេ ហើយបានថតរូបវាបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម តែក្រោយមកមានការស៊ែរបន្ដគ្នាព្រោងព្រាតពីត្រីចម្លែក Oarfish ដែលរស់នៅក្នុងទឹកសមុទ្រជម្រៅជ្រៅ កម្រឡើងគោកមួយនេះ។

តាមជំនឿបុរាណរបស់ជនជាតិជប៉ុន គេជឿថា វត្តមានរបស់ត្រី Oarfish នេះជាសញ្ញាមិនល្អ ពីក្រោមបាតសមុទ្រ ព្រោះគេជឿថា ត្រីប្រភេទនេះជាត្រីនាំសារពីសមុទ្រ ឬគេស្គាល់ថា ត្រីនាំសញ្ញាពីគ្រោះមហន្ដរាយធម្មជាតិ។

កាលពីសម័យបុរាណនៅប្រទេសជប៉ុន មុនកើតមានគ្រោះរញ្ជួយដី គេបានរាយការណ៍ថា ត្រីប្រភេទនេះបានអណ្ដែតមកទើរលើច្រាំងសមុទ្រ។ ពួកគេសន្មត់ថា ត្រីនេះអាចដឹងពីសកម្មភាពរញ្ជួយដីក្រោមទឹក ហើយឡើងទៅលើផ្ទៃ ដើម្បីផ្ដល់ព្រមានមនុស្ស ព្រោះវារស់នៅក្នុងសមុទ្រជម្រៅជ្រៅខ្លាំង​ ហើយវាកម្រនឹងឡើងគោកណាស់៕

ប្រភព៖ NDTV

Share.