ក្រុងវ៉ាស៊ីនតោន៖ សេតវិមាន បាននិយាយនៅថ្ងៃពុធ ទី៤ ខែមិថុនា នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋមកពីប្រទេសមួយចំនួន ដើម្បីការពារជនជាតិអាមេរិកពីជនបរទេសដ៏គ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥។

សេចក្តីប្រកាសនេះ នឹងត្រូវអនុវត្តទាំងស្រុងលើពលរដ្ឋមកពីប្រទេសចំនួន១២ រួមមាន៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

ដោយឡែក ពលរដ្ឋមកពីប្រទេសចំនួន ៧ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅក្រោមការរឹតត្បិតមួយផ្នែក ក្នុងនោះរួមមាន៖ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកមេនីស្ថាន និងវ៉េណេស៊ុយអេឡា។

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន បានឱ្យដឹងថា ប្រទេសដែលប្រឈមមុខនឹងការហាមប្រាមសរុបត្រូវបានរកឃើញថា មានភាពខ្វះខាតក្នុងការត្រួតពិនិត្យ និងត្រូវកំណត់ថា អាចនឹងបង្កហានិភ័យខ្ពស់ដល់សហរដ្ឋអាមេរិក។

សេតវិមានបន្ថែមថា សេចក្ដីប្រកាសនេះនឹងចូលជាធរមានចាប់ពីម៉ោង ១២:០១នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ តទៅ ហើយទិដ្ឋការដែលបានចេញមុនកាលបរិច្ឆេទនោះនឹងមិនត្រូវបានដកហូតនោះទេ។ ប៉ុន្ដែចំពោះអត្តពលិក គ្រូបង្វឹក និងសាច់ញាតិ ដែលធ្វើដំណើរមកអាមេរិកដើម្បីធ្វើការប្រកួតបាល់ទាត់ពិភពលោក ឬព្រឹត្តិការណ៍កីឡាសំខាន់ៗផ្សេងទៀត ត្រូវបានលើកលែង។

សូមជម្រាបថា កាលពីអាណត្តិដំបូងរបស់លោក ដូណាល់ ត្រាំ លោក បានប្រកាសពីការហាមប្រាមរបស់អ្នកធ្វើដំណើរមកពីប្រទេសចំនួន៧ ដែលភាគច្រើនជាប្រទេសកាន់សាសនាមូស្លីម។ ប៉ុន្ដែ អំឡុងឆ្នាំ២០២១ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចូ បៃដិន លោក បានលុបចោលការហាមប្រាមរបស់លោក ត្រាំ វិញ៕

ប្រភព៖ CNA

Share.