ស្វាយរៀង ៖ តូបលក់ទាខ្វៃមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាតអស់ម៉ូតូមួយគ្រឿង ទូទឹកកក និងសម្ភារៈអស់មួយចំនួន កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ម្ចាស់តូបដុតភ្លើងឡខ្វៃទា ស្រាប់តែភ្លើងឆាបឆេះសាំងម៉ូតូដាក់នៅក្បែរនោះ ឆេះរាលតែម្តង បង្កឱ្យផ្អើលឆោឡោ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើងអស់ចំនួន១៤បំពង់ ភ្លើងរលត់ទៅវិញ ហើយរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងក៏បានទៅដល់ដែរ តែភ្លើងរលត់បាត់ហើយ ។

គ្រោះអគ្គិភ័យខាងលើ ខូចខាតឆេះម៉ូតូមួយគ្រឿង ទូទឹកកកអស់៤ និងសម្ភារៈអស់មួយចំនួនទៀត មិនរាលដាលទៅផ្ទះផ្សេង ហើយក៏មិនបង្កឱ្យអ្នកណារងរបួសដែរ ៕

អត្ថបទ៖ តាតុងសែនជ័យ

