ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមថាំ វេជាយ៉ាឆៃ បានកោះប្រជុំ បន្ទាន់ ក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃសុក្រ វេលាម៉ោង ១០៖០០ ព្រឹក ដើម្បីបញ្ចប់វិធានការឆ្លើយតបទៅនឹងស្ថានការណ៍កំពុងកើនឡើងនៅតាមព្រំដែនថៃ-កម្ពុជា។
លោក ភូមថាំ បានបញ្ជាក់ឡើងវិញនូវជំហររបស់រដ្ឋាភិបាលថា៖ «រដ្ឋាភិបាល និងកងទ័ពបានត្រៀមខ្លួនជាស្រេចដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ថៃ។ គ្មាននរណាអាចរំលោភបានឡើយ!»

នៅក្នុងបទសម្ភាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក ភូមថាំ បាននិយាយអំពីស្ថានការណ៍នៅច្រកព្រំដែន ដែលកំពុងមានជម្លោះទឹកដីជាមួយកម្ពុជា។ លោកបានបញ្ជាក់ថា របាយការណ៍អំពីការឈ្លានពានចូលទឹកដីថៃ ២០០ ម៉ែត្រគឺមិនត្រឹមត្រូវទេ ដោយលើកឡើងពីព័ត៌មានថ្មីពីកងទ័ពតំបន់ទី២ ថាកងទ័ពកម្ពុជាគ្រាន់តែចូលទៅក្នុងតំបន់គ្មានមនុស្ស ឬ No Man Land មិនមែនទឹកដីថៃទេ។

លោកបានណែនាំឱ្យប្រុងប្រយ័ត្នក្នុងការទទួលព័ត៌មាន ដោយបញ្ជាក់ថាមិនមានការដាក់មីនfjmIទេ ហើយការលើកឡើងអំពីប្រាសាទព្រះវិហារគឺហួសសម័យ និងបំភាន់សាធារណមតិ។ លោកបានសង្កត់ធ្ងន់ថា ព័ត៌មានមិនត្រឹមត្រូវបែបនេះធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរបស់សាធារណជន។

ចំពោះការស្នើឱ្យបិទព្រំដែនជាបណ្តោះអាសន្ន លោក ភូមថាំ បានពន្យល់ថា វានឹងក្លាយជាជម្រើស លុះត្រាតែការចរចារបស់គណៈកម្មការព្រំដែនរួម (JBC) បរាជ័យប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបែបនេះជាផ្នែកនៃវិធីសាស្ត្រជាជំហានៗ។ លោកបានជំរុញឱ្យប្រុងប្រយ័ត្នក្នុងការចែករំលែកព័ត៌មាន ដែលមិនទាន់ផ្ទៀងផ្ទាត់ ឱ្យបានត្រឹមត្រូវ ជាពិសេសនៅលើបណ្តាញសង្គម។ លោកក៏បានរិះគន់គណបក្សនយោបាយមួយចំនួន ដែលផ្សព្វផ្សាយការអះអាងមិនពិតផងដែរ។

លោកបាននិយាយថា៖ «យើងបានធ្វើការជាបន្តបន្ទាប់ មិនមែនគ្រាន់តែនៅស្ងៀម ឬអសកម្មនោះទេ»។ លោកបានបញ្ជាក់ឡើងវិញថា ទោះបីក្រសួងការពារជាតិត្រូវបានរិះគន់ក៏ដោយ ក៏មិនត្រូវឱ្យស្ថានការណ៍នេះប៉ះពាល់ដល់ជាតិឡើយ៕

