វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមផ្ដាច់កុងត្រារបស់រដ្ឋាភិបាលអាមេរិកជាមួយបណ្ដាក្រុមហ៊ុនរបស់លោក Elon Musk នៅពេលដែលសម្ព័ន្ធភាពរបស់ពួកគេបានឈានដល់ផ្លូវបំបែកកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Republic World នាថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។

ទំនាក់ទំនងផ្អែមល្ហែមរបស់ប្រធានាធិបតីអាមេរិក និងមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Tesla បានប្រេះ​ឆា ក្លាយទៅជាជម្លោះដ៏ក្ដៅគគុកនៅលើបណ្ដាញទំនាក់ទំនងសង្គម ក្រោយពីលោក ដូណាល់ ត្រាំ បានរិះគន់ លោក Elon Musk នៅឯការិយាល័យរាងពងក្រពើនៃសេតវិមាន។ ខណៈលោក Elon Musk បានថ្កោលទោសគោលនយោបាយពន្ធ និងផែនការចំណាយរបស់លោក ត្រាំ ប្រហែលជាចាញ់ការបោះឆ្នោតបាត់ទៅហើយ ប្រសិនបើគ្មានការគាំទ្រពីរូបលោកនោះ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social របស់ថា «មធ្យោបាយងាយស្រួលបំផុតក្នុងការសន្សំប្រាក់នៅក្នុងថវិការាប់ពាន់លានដុល្លារបស់យើង គឺដើម្បីបញ្ចប់ការឧបត្ថម្ភធន និងផ្ដាច់កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលជាមួយបណ្ដាក្រុមហ៊ុនរបស់ លោក Elon។ ខ្ញុំតែងតែភ្ញាក់ផ្អើលនៅពេលដែល លោក បៃដិន មិនបានធ្វើវា!»

នៅពេលដែលលោកប្រធានាធិបតីលោក ដូណាល់ ត្រាំ អង្គុយនៅក្នុងការិយាល័យរាងពងក្រពើកាលពីថ្ងៃព្រហស្បតិ៍ ជាមួយមេដឹកនាំរបស់ប្រទេសអាល្លឺម៉ង់ លោកបានសោកស្ដាយចំពោះទំនាក់ទំនងដ៏ជូរចត់ជាមួយលោក Elon Musk។ លោក ត្រាំ បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះលោក Musk បន្ទាប់ពីមហាសេដ្ឋីដែលជាអតីតអ្នកគាំទ្ររូបនេះ បានរិះគន់លើគម្រោងកាត់បន្ថយពន្ធ និងផែនការចំណាយដែលចុះហត្ថលេខារបស់លោកប្រធានាធិបតី។

ដោយឡែក លោក Elon Musk បានបង្ហោះសារដៀមដាមលោក ត្រាំ នៅលើបណ្ដាញទំនងសង្គម X ថា «បើគ្មានខ្ញុំ, ត្រាំនឹងចាញ់ការបោះឆ្នោត»។

កាលពីកន្លងទៅ ទំហំនៃការគាំទ្ររបស់លោក Musk ចំពោះលោក ត្រាំ ដោយចំណាយទឹកប្រាក់យ៉ាងហោចណាស់ ២៥០លានដុល្លារសម្រាប់គាំទ្រយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ក្រោយមកបានមកជួយគ្រប់គ្រងអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីជួយស្វែងរកការកាត់បន្ថយចំណាយខ្ជះខ្ជាយរបស់រដ្ឋាភិបាលរយៈពេលខ្លី៕

ប្រភព៖ Republic World

Share.