ប្រកួតមិត្តភាពអន្តរជាតិ ក្នុងថ្ងៃ FIFA Days រវាងក្រុមជម្រើសជាតិតាជីគីស្ថាន ទល់និងក្រុមជម្រើសជាតិកម្ពុជាបានបញ្ចប់ទៅដោយលទ្ធផលតាជីគីស្ថានបានយកឈ្នះ ២-១ ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាជាង ១ម៉ឺន ៣ពាននាក់ ក្នុងពហុកីឡដ្ឋានជាតិនារាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

ក្រោយចប់ការប្រកួតលោក koji gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា៖ តាជីគីស្ថាន គឺជាក្រុមដែលខ្លាំង ទោះបីកីឡាករសំខាន់ៗមួយចំនួនជាប់ពិន័យកាត និងមានរបួសក៏ដោយ ប៉ុន្តែកីឡាករដែលនៅសល់គឺខំប្រឹងប្រែងខ្លាំ និងធ្វើបានល្អ យើងត្រៀមខ្លួនបានខ្លី ១អាទិត្យ និងបន្ទាប់ពីហ្វឹកហាត់មកកីឡាករបានធ្វើតាមគាត់ច្រើន ចំណុចខ្វះខាតយើងគឺកម្លាំង បើធៀបជាមួយក្រុមតាជីគីស្ថាន។
លោក បន្តថា តាជីគីស្ថាន បានផ្លាសប្ដូរកីឡាករបានធ្វើឱ្យគេមានកម្លាំង ខណ:យើងបន្ទាប់ពីកីឡាករ អ៊ិន សុដាវិដ មានរបួសត្រូវបានប្ដូរចេញ យើងមានការប្រែប្រួលទម្រង់លេង ធ្វើឱ្យគូប្រកួតអាចរកគ្រាប់បាល់បាន ហើយយើងក៏បានប្ដូរកីឡាករទាំងអស់តាមចំនួនដែលត្រូវប្ដូរ។

លោកគ្រូបន្ថែមថា កីឡាករស្ទើកម្លាំងប្រសិនមានពេលហ្វឹកហាត់ច្រើន ឬ១ឆ្នាំទៀត នឹងល្អប្រសើរ ដោយលោកនៅតែពេញចិត្តចំពោះការលេងរបស់កូនក្រុមបើទោះជាមិនទទួលបានជ័យជម្នះក៏ដោយ។ ចំពោះ សៀង ចន្ធា ថ្ងៃនេះគឺមិនពេញកម្លាំងនោះទេ (Not fit) ហើយនេះគឺជាមូលហេតុដែលរូបគេស្ថិតនៅកៅអីបម្រុង។
ដោយលែកសម្រាប់ គ្រូតាជីគីស្ថានវិញ បានលើកឡើងថា៖ ខ្ញុំពេញចិត្តជាមួយការប្រកួតនេះ ដូចអ្វីដែលលោកបានគិតមុនការប្រកួតប៉ះកម្ពុជា គឺមិនងាយស្រួលនោះទេ ទោះបីទទួលបានជ័យជម្នះក៏ដោយ។ ចំពោះកូនក្រុមរបស់លោកមិនសូវសម្របខ្លួនជាមួយអាកាសធាតុនៅកម្ពុជានោះទេ។

លោក បានបន្តថា កម្ពុជា ធ្វើបានល្អជាពិសេសចង្វាក់លេងការផ្លាស់ប្តូរខាង និងល្បឿន ហើយអ្វីដែលលោកចាប់អារម្មណ៍ទៀតនោះគឺកីឡាករក្មេងៗច្រើន ជាផលវិជ្ជមាននៅពេលអនាគត។ ជាចុងក្រោយលោកអរគុណប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍ក្រុមជម្រើសជាតិតាជីគីស្ថាន បានយ៉ាងល្អ។ លោកថា មានឱកាស លោកនឹងត្រឡប់មកកម្ពុជា ម្ដងទៀត៕



