​អន្តរជាតិ ៖ កំដៅនយោបាយនៅក្នុងប្រទេសថៃ កំពុងតែកើនកំដៅជាលំដាប់ ដោយសារតែមានការបំផុសបំផុលពីក្រុមជ្រុលនិយមមួយចំនួន ក្នុងចេតនាប្រើប្រាស់បញ្ហាទំនាស់ឬជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីផលចំណេញនយោបាយ​ និងចង់កម្ចាត់សត្រូវរបស់ខ្លួន ដោយគេឃើញមានរូបភាពការផ្ដួចផ្ដើមឱ្យមានបាតុកម្ម មួយលើកជាពីរលើក នៅទីក្រុងបាងកក នាពេលថ្មីៗនេះដូចជានៅក្នុងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមជ្រុលនិយមដែលដឹកនាំដោយ ភិឈីត ឆៃមុងឃុន (พิชิต ไชยมงคล) បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ។

បាតុកម្មដែលមេដឹកនាំ លោក ភីឈិត មេក្រុមបណ្តាញនិស្សិត និងប្រជាជនធ្វើកំណែទម្រង់ប្រទេសថៃ នេះ មិនបានបង្ហាញពីចេតនាទាំងស្រុងរបស់ប្រជាជនថៃទាំងមូលនោះឡើយ ព្រោះក្នុងនោះក៏មានប្រជាជនថៃ នៅតាមបន្ទាត់ព្រំដែនដែលរស់នៅ និងមានការប្រាស្រ័យទាក់ទងល្អជាមួយទាហានខ្មែរ និងពលរដ្ឋខ្មែរ បានចេញមកបង្ហាញ​នូវអារម្មណ៍មិនពេញចិត្ត និងមិនសប្បាយចិត្តចំពោះទង្វើរបស់ក្រុមបាតុករជ្រុលនិយមទាំងនោះដែរ។

ក្នងនោះសូមលើកយកមតិពីជនជាតិថៃ ដែលបានបង្ហោះវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមមកប្រែសម្រួលជាខេមរភាសាដូចតទៅនេះ៖

«ខ្ញុំសូមនិយាយក្នុងនាមជាជនជាតិថៃម្នាក់ ក្នុងនាមជាប្រជាពលរដ្ឋនៅខេត្តស៊ីសាកេតជាប់ព្រំដែនកម្ពុជា ករណីដែលមានក្រុមញុះញង់ឱ្យមានសង្គ្រាមកើតឡើងនេះ ពួកអស់ហ្នឹងអង្គុយនៅផ្ទះ ពួកអស់ហ្នឹងគ្មានស្មារតីភ្ញាក់រលឹកគិតបានម៉ត់ចត់ ដល់អាយុជីវិតរបស់អ្នកដទៃនៅក្នុងខួរពួកវាឡើយ ។ កម្ពុជាយ៉ាងម៉េចទៅ? ខ្មែរយ៉ាងម៉េចទៅ? គេក៏ជាមនុស្ស អាព័ត៌មានដែលញុះញ៉ង់ដែលប្រឹងជេរបញ្ចោ វាគ្មានខុសអីពីជេរបញ្ចោពួកឥសាន្ត ប្រមាថពួកឥសាន្តអាមុខលាវ ប្រមាថពួកខាងជើង មើលងាយពួកខាងត្បូង ប្រមាថគេទៅមើលងាយគេមក មើលងាយខ្មែរខ្លះ មើលងាយភូមាខ្លះ មើលងាយឡាវខ្លះ ធ្វើគ្រប់យ៉ាងឱ្យតែពួកវាមើលងាយបាន។ តែចុងក្រោយទៅពួកនេះ ត្រឹមតែពួកខួរក្បាលកំសាកដូចអណ្ដើរក្នុងស្នូក។ ខ្ញុំមិនយល់ស្របចំពោះការតស៊ូសង្គ្រាមតែម្ដង ព្រោះវាមានតែមហន្តរាយ ខ្មែរក៏មានឪពុកម្ដាយ ថៃក៏មានឪពុកម្ដាយ ទាហានក៏មានគ្រួសារ អាងអីឡើងថា ខ្លាចមែន? ស៊ីលុយធ្វើអីរាល់ឆ្នាំម៉េចមិនផ្ដួចរលំខ្មែរទៅ ចាត់ការខ្មែរទៅ។ គិតបានប៉ុណ្ណឹង វាសមមុខហើយដែលជីវិតពួកអ្នកឯងរស់បានតែប៉ុណ្ណឹង»។

តាមរយៈការលើកឡើងនេះ បានបង្ហាញឱ្យឃើញច្បាស់ថា មិនមែនមានតែជនជាតិថៃ ដែលញុះញង់ចង់ឱ្យមានសង្គ្រាមជាមួយកម្ពុជានោះឡើយ តែក៏មានជនជាតិថៃ ច្រើននាក់ផ្សេងទៀត ដែលមិនចង់ឱ្យកើតមានសង្គ្រាម និងមិនគាំទ្រចលនាញុះញង់របស់ក្រុមបាតុករ កំពុងតែធ្វើសកម្មភាពស្រែកឡាំប៉ា ទាំងបំពានមកលើប្រទេសកម្ពុជាផងដែរ៕

Share.