កណ្ដាល ៖ បុរសម្នាក់ក្នុងសភាពស្រវឹងជិះម៉ូតូរោទ៍បំពងសំឡេង រំខានដល់អ្នកភូមិ ហាមមិនស្តាប់ ប្រាប់មិនតាម សមត្ថកិច្ចឃាត់នាំយកទៅធ្វើការអប់រំ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវលេខ១៤៣ ក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បុរសខាងលើមានឈ្មោះ ស៊ុ រាជ្យ អាយុ៣៤ឆ្នាំ មុខរបរ បើកបររថយន្ត ទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល សមត្ថកិច្ចពិនិត្យឃើញថាមានកម្រិតជាតិអាកល់ 1.511mg/L។

សមត្ថកិច្ចបានឱ្យដឹងថា មុនឃាត់ខ្លួន បុរសខាងលើស្រវឹងស្រា ជិះម៉ូតូ Yamaha MX king ពណ៌ក្រហម ផលិតឆ្នាំ2022 ពាក់ស្លាកលេខ ភ្នំពេញ 1JY-0524 អត់មានបំពង់សុីម៉ាំង រោទ៍បំពងសំឡេង ពេញភូមិ ទោះជាអ្នកស្រុកប្រាប់ ហាម តែមិនស្តាប់ រហូតដល់សមត្ថកិច្ចចុះទៅធ្វើការឃាត់នាំទាំងម៉ូតូទៅអធិការដ្ឋានស្រុក ។

ក្រោយពីពិនិត្យ សាកសួរ ម៉ូតូខាងលើទើបតែកម្លាំងត្រួតពិនិត្យខណ្ឌកំបូលឃាត់ ដោះបំពង់សុីម៉ាំងកែច្នៃចេញ ដោះស្រាយរួចរាល់ហើយ បុរសខាងលើមិនបានដាក់បំពង់សុីម៉ាំងដើមវិញទេ ជិះទាំងបែបនេះ លុះដល់វេលាម៉ោងខាងលើ ស្រវឹងស្រាផង ជិះរោទ៍បំពងសំឡេង ៣ទៅ៤ត្រឡប់ រំខានដល់អ្នកភូមិ ។

បុរសខាងលើត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ឱ្យក្រុមគ្រួសារធានាយកវិលត្រឡប់ទៅវិញ ចំណែកម៉ូតូរក្សាទុកជាបណ្តោះអាសន្នរយៈពេល៣ខែ ទើបប្រគល់ឱ្យវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.