ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍ នេះ បានសម្ដែងការព្រួយបារម្ភចំពោះការហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក របស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Turk បាននិយាយថា ការហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ ចូលទឹកដីអាមេរិក របស់លោក ត្រាំ កាលពីពេលថ្មីៗនេះ ធ្វើឱ្យមានការព្រួយបារម្ភពីទស្សនៈនៃច្បាប់អន្តរជាតិ។
លោកបន្ដថា ស្របពេលដែលរដ្ឋនានាមានឆន្ទានុសិទ្ធិក្នុងការគ្រប់គ្រងព្រំដែនរបស់ពួកគេក្រោមច្បាប់អន្តរជាតិ ពួកគេក៏ត្រូវតែធានាថា ប្រជាជនទាំងអស់ត្រូវបានការការពារស្មើៗគ្នានៅក្រោមច្បាប់ ហើយត្រូវតែការពារការប្រឆាំងនឹងការរើសអើងលើហេតុផលណាមួយ រួមទាំងផ្អែកលើសញ្ជាតិ ដើមកំណើតជាតិ សាសនា ឬការធ្វើចំណាកស្រុក ឬស្ថានភាពផ្សេងទៀត។

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ បានថ្លែងថា «យើងមានការព្រួយបារម្ភ និងសោកស្ដាយយ៉ាងខ្លាំងចំពោះសេចក្ដីប្រកាសនោះ ដែលអាចជាការមាក់ងាយដល់ប្រជាជនមកពីប្រទេសដែលពាក់ព័ន្ធ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត រួមទាំងបង្កើនហានិភ័យនៃការប្រឈមមុខនឹងអរិភាព និងការរំលោភបំពានផ្លូវភេទ»។

សូមជម្រាបថា កាលពីល្ងាចថ្ងៃពុធ សប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយ ដើម្បីហាមឃាត់ការធ្វើដំណើរពីប្រទេសចំនួន១២ ដោយលើកឡើងពីហានិភ័យសន្ដិសុខជាតិ ដែលសេចក្ដីប្រកាសនោះនឹងចូលជាធរមាននៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ៕
ចុចអាន៖ លោក ដូណាល់ ត្រាំ ចុះហត្ថលេខាហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ ជាន់ដីអាមេរិក…

