ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២៥ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ ឌឿន ឆាន ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ទីកន្លែងកំណើតនៅភូមិស្ពានឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង អាស័យដ្ឋានមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ០១៦ ផ្លូវមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្ន ពីបទ.ក្លែងបន្លំនិង បទ.ប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញការអន្លង់ខែមេសានិងខែឧសភាឆ្នាំ២០២៥ តាមមាត្រា ៦២៦ មាត្រា៦២៧ និងមាត្រា៦២៨នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿន ឆាន ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចអនុវត្តតាមពីការបញ្ជាឲ្យចូលខ្លួនលេខ២១៦ អ.យ.នចុះថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៥ របស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញទទួលពាក្យបណ្ដឹងពីឈ្មោះ ឡេង វ៉ាន់ឌី ហើយបានធ្វើការស្រាវជ្រាវស៊ើបអង្កេតដោយយោងតាមចម្លើយសារភាពនិងប្រមូលភស្តុតាងបុគ្គលនេះពិតជាបានប្រព្រឹត្តសកម្មភាពថ្លែងបន្លំឯកសារសាធារណៈប្រាកដមែន៕

អត្ថបទ៖ ចតុម្មុខ

Share.