សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា ការយកជម្លោះព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) មិនមែនជាការបញ្ឆេះសង្គ្រាមជាមួយប្រទេសថៃនោះទេ ពោលជាការរំលត់បញ្ហាដែលបន្ដអូសបន្លាយ។
ការបញ្ជាក់របស់សម្តេចមហាបវរធិបតីនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី នៅនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
បើតាមសម្ដេចមហាបវរធិបតី បណ្ដឹងរវាងកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ បើទោះបីតុលាការយុត្តិធម៌អន្ដរជាតិ សម្រេចបែបណានោះ កម្ពុជានឹងទទួលយកតាមការសម្រេច។
សម្តេចអះអាងថា គោលជំហររបស់រាជរដ្ឋាភិបាល ការសម្រេចចិត្តយកបញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងដោយសន្ដិវិធី បានឆាប់រហ័សចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហានេះអូសបន្លាយយូរទៅទៀត ដែលអាចបង្កជម្លោះតាមព្រំដែន។បើទោះបី បាញ់ឆ្ពោះត្រង់ទៅការដោះស្រាយគ្នាតាមប្រព័ន្ធតុលាការយ៉ាងណាក្ដី តែកម្ពុជាមិនបោះបង់យន្តការទ្វេភាគីនោះឡើយ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
ពាក់ព័ន្ធនឹងការបញ្ជាក់ជំហររបស់កម្ពុជានេះ រដ្ឋាភិបាលថៃ ក៏បានប្រកាសនាពេលកន្លងមកថា ខ្លួនចង់ចួបចរចាទ្វេភាគីជាមួយកម្ពុជានិងថា ថែមិនទទួលស្គាល់យុត្តាធិការរបស់ICJ នោះឡើយ៕




