ត្បូងឃ្មុំ៖ ក្នុងចំណោមក្រុមហ៊ុនចំនួន១៥ ដែលបានចូលរួមប្រជុំកិច្ចលទ្ធកម្មបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់ សម្រាប់ការកសាងផ្លូវបេតុងអាមេប្រវែង៨៧៥ម៉ែត្រនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រុមហ៊ុនចំនួន១៣ បានសម្តែងនូវការងឿងឆ្ងល់និងមិនអស់ចិត្តចំពោះនីតិវិធីនៃការដេញថ្លៃ ខណៈដែលក្រុមហ៊ុនចំនួន២ ផ្សេងទៀតបង្ហាញភាពរីករាយបន្ទាប់ពីមានការកែសម្រួលតួលេខក្រោយពេលបើកកញ្ចប់សម្ងាត់។
ការដាក់ដេញថ្លៃនេះបានធ្វើឡើងនៅសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុនចំនួន២ ត្រូវបានកែតម្រូវតួលេខគណនារួមមាន ក្រុមហ៊ុន ខ្មៅ ចេន ខនត្រាក់សិន ដែលគណនាតម្លៃពី ១៧១.៥៥០.០០០រៀល ទៅជា ១៨៦.៥៥០.០០០រៀល និងក្រុមហ៊ុន វង្សការអភិវឌ្ឍន៍ ខនត្រាក់សិន ដែលគណនាតម្លៃពី ១៧៦.០០០.០០០រៀល ទៅជា ១៨៥.៩០០.០០០រៀល។
បន្ទាប់ពីការកែតម្រូវតួលេខ ក្រុមហ៊ុន វង្ស ការអភិវឌ្ឍន៍ ខនត្រាក់សិន ត្រូវបានប្រកាសជាអ្នកឈ្នះការដេញថ្លៃ និងទទួលបានសិទ្ធិក្នុងការកសាងផ្លូវនេះ។ ចំណុចនេះបានធ្វើឱ្យក្រុមហ៊ុនចំនួន១៣ មានការឆ្ងល់ ដោយពួកគេកត់ សម្គាល់ថាតួលេខថ្មីនេះទាបជាងសំណើរបស់ក្រុមហ៊ុន ឈួន ពេជ្រ ដែលមានតម្លៃ ១៨៧.៣០០.០០០រៀល។
ពាក់ព័ន្ធនឹងចម្ងល់នេះ លោក កូវ យ៉ែម មេឃុំកំពាន់ បានថ្លែងថា ការកែតួលេខដេញថ្លៃគឺជាសិទ្ធិរបស់គណៈកម្មការលទ្ធកម្ម នៅពេលដែលក្រុមហ៊ុនគណនាលេខខុស។ លោកបានបញ្ជាក់ថា វាត្រូវបានធ្វើឡើងតាមនីតិវិធីដូចមានចែងក្នុងសេចក្តីណែនាំចំណុចទី៩ដែលបានបញ្ជាក់ថា “អ្នកដេញថ្លៃត្រូវទទួលយកការកែតម្រូវក្នុងការគណនាលេខរបស់គណៈកម្មាការលទ្ធកម្ម។ ប្រសិនបើអ្នកដេញថ្លៃមិនទទួលយកការកែតម្រូវនេះទេ គណៈកម្មាការលទ្ធកម្មត្រូវបដិសេធសំណើដេញថ្លៃនោះ ដោយចាត់ទុកថាជាសំណើដេញថ្លៃពុំមានសុពលភាព ហើយប្រាក់កក់ធានាការដេញថ្លៃនឹងត្រូវបានរឹបអូស ផ្ទេរបង់ចូលថវិកាឃុំ សង្កាត់”។

លោក សឺង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្ត បានបញ្ជាក់ថា លោកគ្រាន់តែបានឃើញគណៈកម្មការលទ្ធកម្មកែគណនាលេខរបស់ក្រុមហ៊ុនទាំងពីរនៅពេលបញ្ចប់ការដេញថ្លៃ ដោយសារនេះជាសិទ្ធិរបស់គណៈកម្មការលទ្ធកម្មដូចបានប្រកាសមុនពេលដាក់សំណើ។
លោក អ៉ឹង សំអុល អភិបាលរងស្រុកមេមត់ ក៏បានអះអាងថា ការដាក់ដេញថ្លៃនេះធ្វើឡើងតាមនីតិវិធីត្រឹមត្រូវ ដោយអ្នកទទួលការបានគិតគូររយៈពេលយូរមកហើយ។ លោកបញ្ជាក់ថា មិនមានក្រុមហ៊ុនណាមកបើកស្រោមសំបុត្រពេលកំពុងដេញគណនាលេខឡើយ ហើយការងារនេះស្ថិតក្រោមសមត្ថកិច្ចរបស់គណកម្មការលទ្ធកម្ម។ នាយកទីចាត់ការផែនការវិនិយោគខេត្ត ស្រុក និងប្រធានការិយាល័យផែនការ គ្រាន់តែជាអ្នកជួយតម្រង់ទិសប៉ុណ្ណោះ ខណៈដែលសិទ្ធិសម្រេចចុងក្រោយស្ថិតក្នុងដៃរបស់អាជ្ញាធរវិមជ្ឈការឃុំ៕

អត្ថបទ៖អាចារ្យលាក់
