បាត់ដំបង÷ ក្រោយកើតឡើងនូវការឈ្លានពានរបស់ទាហានថៃ មកលើដែនអធិបតេយ្យកម្ពុជានៅតំបន់មុំបីប្រាសាទតាមាន់ រហូតកម្ពុជា បានប្តឹងទៅដល់តុលាការអន្តរជាតិ ICJ ហើយភាគីថៃបានសម្រេចជាឯកតោភាគីរំកិលបន្ថយម៉ោងបើកដំណើរការលើច្រកទ្វារអន្តរជាតិចំនួន ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

លោក សឿមន៊ ប៊ុនរឹទ្ធ អភិបាលរងខេត្ត និងជាមន្ត្រីអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០៥ម្សិលមិញថា÷ មកទល់ពេលនេះច្រកទ្វារអន្តរជាតិភ្នំដី ( គីឡូលេខ ១៣ ) ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ដំណើរការបិទ បើកច្រកទ្វារ ខាងភាគីថៃបានសម្រេចជាឯកតោភាគីរំកិលបន្ថយម៉ោងបិទ និងបើកជាបណ្តោះអាសន្ន ដោយពេលព្រឹកចាប់ផ្តើមបើកនៅម៉ោង ៨:០០នាទី និងម៉ោង ៤:០០នាទីរសៀលបិទដំណើរការវិញ ខណ:ជាធម្មតាច្រកទ្វារអន្តរជាតិភ្នំដី នៅម៉ោង ៧:០០នាទីព្រឹកបើកដំណើរការ និងបិទវិញនៅម៉ោង ១០:០០នាទីយប់។

ចំណែកឯច្រកទ្វារតំបន់ព្រំដែនអូររំដួល ច្រកទ្វារតំបន់ព្រំដែនសួន ស៊ុំ ក្នុងស្រុកភ្នំព្រឹក និងច្រកទ្វារតំបន់ព្រំដែន ៤០០ ក្នុងស្រុកសំឡូត ស្ថានភាពដំណើរការបិទ បើកមិនមានការប្រែប្រួលគឺឋិតក្នុងសភាពដូចធម្មតា។

ពាក់ព័ន្ធនឹងស្ថានភាពចំពោះមុខនៅច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង មន្ត្រីច្រកទ្វារបានបញ្ជាក់ថា÷ នៅថ្ងៃទី ៨ ខែមិថុនានេះ ភាគីថៃបានសម្រេចកែប្រែរំកិលបន្ថយម៉ោងដំណើរការច្រកទ្វារ ដោយព្រឹកចាប់ផ្តើមបើកនៅវេលាម៉ោង ៨:០០នាទី និងបិទវិញនៅវេលាម៉ោង ៤:០០នាទីរសៀល។

ជាការឆ្លើយតបមន្ត្រីដដែលបានបន្តថា÷ ដោយទទួលបានការណែនាំពីថ្នាក់លើ ភាគីព្រះរាជាណាចក្រកម្ពុជាយើង ច្រកទ្វារអន្តរជាតិដូង បានកំណត់ម៉ោងបើកនៅវេលាម៉ោង ៩:០០នាទី និងបិទវិញនៅវេលាម៉ោង ៤:០០នាទីរសៀលខុសពីភាគីថៃមួយម៉ោង៕

អត្ថបទ: ដំបងក្រញូង

Share.