ប្រធានាធិបតីអាមេរិក Donald Trump បានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើមហាសេដ្ឋីអាមេរិក លោក Elon Musk ផ្តល់ហិរញ្ញប្បទានគាំទ្រដល់បេក្ខជនគណបក្សប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំ២០២៦ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។

ការព្រមានរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃសៅរ៍ ថា «លោក Elon Musk នឹងត្រូវជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើគាត់ធ្វើវា»។

នៅពេលគេសួរថា តើលោកមានបំណងស្ដារទំនាក់ទំនងជាមួយលោក Elon Musk ឡើងវិញដែរឬទេ? ប្រធានាធិបតីអាមេរិករូបនេះបានកត់សម្គាល់ថា «លោកមិនមានចំណាប់អារម្មណ៍ក្នុងការស្ដារទំនាក់ទំនងជាមួយលោក Musk ទេ»។ ជាមួយគ្នា គេបន្ដសួរលោក ត្រាំ ថា តើលោកគិតថាទំនាក់ទំនងរបស់លោក ជាមួយ លោក Elon Musk បានដល់ទីបញ្ចប់ហើយមែនទេ? លោក ត្រាំ បានឆ្លើយថា «បាទ វាដល់ទីបញ្ចប់ហើយ! លោក មិនមានបំណងជជែកជាមួយគាត់ទេ»។

លោក ត្រាំ បានរិះគន់មហាសេដ្ឋីអាមេរិករូបនេះ ចំពោះការបង្ហាញពីការមិនគោរពចំពោះប្រធានាធិបតី ដោយនិយាយថា «ខ្ញុំគិតថាវាជារឿងអាក្រក់ណាស់ ពីព្រោះគាត់មិនគោរពខ្ញុំខ្លាំងណាស់ អ្នកមិនអាចមើលងាយការិយាល័យរបស់ប្រធានាធិបតីបានទេ»។
សូមជម្រាបថា លោក ត្រាំ និងលោក Elon Musk បានផ្ទុះជម្លោះពាក្យសម្ដីនឹងគ្នាដ៏តានតឹងកាលពីប៉ុន្មានកន្លងទៅនេះ ជាពិសេសក្រោយពេលលោក Musk បានរិះគន់ខ្លាំងៗលើគោលនយោបាយពន្ធ និងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិការបស់លោក ត្រាំ៕

