គ្រាប់បែកចំនួន ២គ្រាប់បានផ្ទុះនៅកណ្ដាលផ្សារទីក្រុងប៉ាតានី ភាគខាងត្បូងប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែមិថុនា នេះ ប៉ុន្ដែមិនបានបង្កឱ្យមានអ្នករងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។

ប៉ូលីសបាននិយាយថា មានការបំផ្ទុះមួយបានកើតឡើងនៅក្បែរធុងសំរាមជិតផ្សារអាហារ នៅពេលយប់ប្រហែលម៉ោង ៨យប់ ហើយគ្រាប់បែកមួយទៀតបានបំផ្ទុះនៅជិតសណ្ឋាគារ Santisuk ស្ថិតក្នុងសង្កាត់ Muang។​ ហេតុការណ៍នេះមិនបានបង្កឱ្យមានអ្នករងរបួសទេ ប៉ុន្ដែបានបណ្ដាលឱ្យម៉ូតូជាច្រើនគ្រឿងរងការខូចខាត។

ប៉ូលីសបន្ដថា បានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ទៀត ហើយអ្នកជំនាញបំផ្ទុះគ្រាប់មីនបានបំផ្លាញវារួចរាល់។ យ៉ាងណា ការស៊ើបអង្កេតកំពុងបន្ដ ដើម្បីស្វែងរកមុខជនបង្ក។

យ៉ាងណាម៉ិញ ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃនេះ មិនមែនជារឿងថ្មីឡើយ កាលពីសប្ដាហ៍មុន យោធាថៃម្នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហារដោយការបំំផ្ទុះគ្រាប់បែកលើរថយន្ដនៅខេត្ត ប៉ាតានី នេះដូចគ្នា៕

ប្រភព៖ Bangkok Post

ចុចអាន៖ ផ្ទុះគ្រាប់បែកនៅភាគខាងត្បូងថៃ ស្លា.ប់យោធាម្នាក់ និងរបួស ៣នាក់

Share.