អន្តរជាតិ៖ តាមព័ត៌មានថៃ thaipbs នៅថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២៥ នេះផ្សាយថា នាយឧត្តមសេនីយ៍ វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពថៃបានលើកឡើងពីជំហ៊ាន ៤ ចំណុចសំខាន់ៗ ក្រោយការកំណត់វេលាបិទបើកច្រកព្រំដែនថៃ-កម្ពុជាក្រោយថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ដូចតទៅ៖

ជំហានទី១៖ រឹតបន្តឹងការឆ្លងកាត់ព្រំដែន ដោយអនុញ្ញាតឱ្យតែបុគ្គលដែលមានហេតុផលចាំបាច់ដូចជាពាណិជ្ជកម្ម ដឹកជញ្ជូនទំនិញ កម្លាំងពលកម្ម និងការងារសំខាន់ៗផ្សេងទៀត ដោយកំណត់ និងបង្កើនកម្រិតភាពតឹងរ៉ឹងក្នុងការត្រួតពិនិត្យលើក្រុមមនុស្សគួរឱ្យសង្ស័យដូចជា ក្រុមមនុស្សភ្នាល់ល្បែង ឬក្រុមដែលអាចពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។
ជំហានទី២៖ កាត់បន្ថយពេលវេលាបើកបិទច្រកព្រំដែន និងកំណត់ថ្ងៃ និងម៉ោងចេញចូលឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងស្ថានការណ៍ចលនាប្រជាពលរដ្ឋ និងសកម្មភាពនៅតំបន់ព្រំដែន។
ជំហានទី ៣៖ បិទច្រកព្រំដែនមួយចំនួន ដោយពិចារណាលើចំណុចដែលមានហានិភ័យខ្ពស់ ឬចំណុចដែលមានព័ត៌មានអសុវត្ថិភាពដែលអាចនាំទៅដល់ការឈ្លានពាន ឬឧប្បត្តិហេតុណាមួយពីភាគីប្រឆាំង។
ជំហានទី៤៖ បិទច្រកព្រំដែនតាមបណ្តោយព្រំដែនទាំងមូល ក្នុងករណីមានវិបត្តិ ឬមានការឈ្លានពានច្បាស់លាស់ ដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អបំផុត៕

