អន្តរជាតិ៖ បើតាមការដកស្រង់ចេញពីវីដេអូព័ត៌មានរបស់សារព័ត៌មានថៃ NationWeekend បានផ្សាយនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ថា លោក សេរ៊ីភិស៊ុត តៈមៀវេទ (เสรีพิศุทธ์ เตมียเวส) អតីតអគ្គស្នងការ​នគលបាល​ជាតិថៃបាននិយាយឡើងកាលពីពេលថ្មីៗនេះថា ពេលនេះខ្មែរមករុនរានយើងរឿយៗ រួចយើងត្រូវឯកភាពចរចានេះ ចរចានោះ និយាយជាមួយអាក្មេងទំនើងមិនយល់សាច់ការអី មានតែផ្លូវម្យាងគត់គឺ យើងត្រូវប្រដែប្រដៅវា។

បុរសវ័យ ៧៦ ឆ្នាំរូបនេះបន្តថា ម្សិលមិញខ្ញុំបានបង្ហោះសារឡើងថា មិនចាំបាច់និយាយជាមួយខ្មែរ គោលដៅគឺរឹបអូសយកភ្នំពេញតែម្ដងទៅ។ ដូច្នោះហើយនៅក្នុងថ្ងៃនេះខ្ញុំលើកឡើងទៀត មិនបាច់និយាយជាមួយខ្មែរទេ រឹបអូសយកភ្នំពេញតែម្ដងទៅ អ្នកខ្លះយល់ អ្នកខ្លះមិនយល់ ប៉ុន្តែអ្នកយល់ច្រើនណាស់ គាំទ្រច្រើន សម្រាប់មនុស្សមិនយល់គិតថា អាកញ្ចាស់នេះឆ្កួតទៀតហើយ ថាខ្ញុំចាស់ថាខ្ញុំឆ្កួតទៀតហ្មង។

អតីតអគ្គស្នង​ការនគលបាលជាតិថៃនេះបញ្ជាក់ទៀតថា គឺវាមិនទាក់ទងទេ គោលដៅគឺត្រូវរឹបអូសយកភ្នំពេញ ពោលមានន័យថា នៅថ្ងៃនេះបើខ្ញុំជារដ្ឋាភិបាល ខ្ញុំពិនិត្យស្រាវជ្រាវតែម្ដង ប្រវត្តិសាស្ត្រពិភពលោកមានដែលបង្ហាញ​ថា ខ្មែរគឺជាអតីតដែនដីថៃទាំងអស់ មែនអត់? បើយើងស្រាវជ្រាវ ដែនដីត្រង់ណាខ្លះជារបស់ថៃយើងណា ខ្ញុំនឹងយកមកវិញទាំងអស់ មិនបាច់ចរចាឡើយ។

សូមបញ្ជាក់ថា សារព័ត៌មានត្រយងគ្រាន់តែដកស្រង់ការផ្សាយរបស់សារព័ត៌មានថៃ ដោយគ្មានចេតនាញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ណាមួយនេះទេ៕

Share.