HotNews ៖ ប៉ូលីសថៃបានចាប់ឃាត់ខ្លូនស្ត្រីថៃម្នាក់ បន្ទាប់ពីស្ត្រីរូបនេះបង្កើតព័ត៌មានក្លែងក្លាយពីបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា កេងចំណេញរកលុយតាមអនឡាញ។

សារព័ត៌មានថៃ TVPOOL នៅថ្ងៃទី ៩ មិថុនា បានផ្សាយថា លោកវរសេនីយ៍ឯក អរុណផាន់ វ៉ាន់នីចាន់ណាន មេបញ្ជាការកងពលធំបង្រ្កាបបទល្មើសបច្ចេកវិទ្យា២ បានចាប់ឃាត់ខ្លួនស្ត្រីថៃម្នាក់មានឈ្មោះ ភី រ៉ានី អាយុ ៣២ ឆ្នាំ មកពីខេត្ត Ubon Ratchathani តាមដីការចាប់ខ្លួននៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ ។

ការឃាត់ខ្លួនបន្ទាប់ពីស្ត្រីរូបនេះព្យាយាមបង្កើតព័ត៌មានក្លែងក្លាយពីបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា ជាពិសេសប្រឌិតព័ត៌មានជម្លៀសប្រជាជនចេញពីតំបន់ព្រំដែនរាប់រយគ្រួសារ នៅលើហ្វេសប៊ុកផេក Lucky Farm ដើម្បីកេងចំណេញ​រកលុយតាមអនឡាញ។

សូមជម្រាបថា ក្នុងប្រតិបត្តិការនេះ ប៉ូលិសថៃដកហូតបាន កុំព្យូទ័រលើតុចំនួន ១ គ្រឿង និងទូរស័ព្ទដៃ Oppo ពណ៌លឿងមួយគ្រឿង រួចបញ្ជូនស្ត្រីរូបនេះទៅតុលាការដើម្បីចាត់ការបន្តនិតីវិធី៕

Share.