អន្តរជាតិ៖ ការផ្សាយនៅលើសារព័ត៌មាន The Nation ផ្សាយថា ស្ថានទូតចិនប្រចាំប្រទេសថៃនៅថ្ងៃសុក្រ សប្ដាហ៍នេះបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ជនជាតិថៃទាក់ទងនឹងជំហររបស់ប្រទេសចិនយល់យ៉ាងណាចំពោះភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក បានបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយជម្លោះតាមរយៈកិច្ចចរចា និងការពិគ្រោះយោបល់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទាំងប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់ប្រទេសចិនផងដែរ។
អ្នកនាំពាក្យខាងលើបានបន្តថា “ប្រទេសចិនសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តការអត់ធ្មត់ ហើយចិនក៏លើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទង និងការចរចា សំដៅឆ្ពោះទៅរកការបន្ថយស្ថានការណ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការសម្របសម្រួលជាមួយទាំងប្រទេសថៃ និងកម្ពុជា ហើយនឹងខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

