ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់អំពីពីជំហររបស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។


ក្រសួងបន្តថា រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។ កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា។


តាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា គឺកងទ័ពកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការចម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ហើយអាចទុកចិត្តបានដូចជាព័ត៌មានពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ គឺជាប្រភពសំខាន់ដែលគួរឱ្យជឿទុកចិត្ត៕


