សិល្បៈជាតិ៖ អាជ្ញាធរជាតិអប្សរា រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី «អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ដែលមានរយៈពេល៦ខែ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

គោលបំណងនៃការរៀបចំពិព័រណ៍ស្តីពី «អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» គឺដើម្បីបង្ហាញពីឧស្សាហកម្មផលិតកុលាលភាជន៍ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះ។ ជាពិសេសគឺបង្ហាញនូវទស្សនៈថ្មីអំពីកេរដំណែលអង្គរ ក្រោមការស្វែងយល់ ការច្នៃប្រតិដ្ឋ និងទំនាក់ទំនងផ្នែកវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។

ពិព័រណ៍មិនអចិន្ត្រៃយ៍មួយនេះបានចាប់ផ្តើមពីឡើងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបើកឱ្យទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនា និងសិក្សាឈ្វេងយល់អំពីពិព័រណ៍នេះ ក៏ដូចជា ទស្សនានូវវត្ថុសិល្បៈយ៉ាងសម្បូរបែបផ្សេងទៀត ដែលទទួលបានអំពីកំណាយស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាទុកនៅក្នុងសារមន្ទីរ។

សូមជម្រាបថា ពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី ៖«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ត្រូវបានរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយដេប៉ាតេម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង ដោយមានវត្តមានលោកស្រី Sharon Wong ជាអ្នកដំណាង រួមទាំងឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមជាកិត្តិយសពីសំណាក់លោក លូ ឈីជឺ (LU Qizhi) អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ចូលរួមនៅក្នុងពិធីបើកនៅថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២៥ ផងដែរ៕

Share.