ជាតិ៖ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់បានបង្ហាញមតិ ក៏ដូចជាទស្សនៈរបស់ខ្លួនក្នុងការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការយ៉ាងតឹងរឹងចំពោះជនបំពុលសង្គមបង្កើតព័ត៌មានក្លែងក្លាយ និងបន្លំខ្លួនជាយោធានៅព្រំដែន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះកើតឡើងបន្ទាប់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចេញមកបង្ហោះសារទម្លាយអត្តសញ្ញាណបុគ្គលឈ្មោះ អ៊ែម ពិសិដ្ឋ ភេទប្រុស តួនាទី ប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ដែលសព្វថ្ងៃរស់នៅប្រទេសថៃ បានប្រឌិតព័ត៌មានឱ្យមហាជនភាន់ច្រឡំក្នុងអំឡុងពេលមានបញ្ហាព្រំដែនកម្ពុជា-ថៃ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បង្ហោះសារឡើងថា ៖ ខ្ញុំបាទសូមគោរពជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូន និងប្រជាពលរដ្ឋយើងទាំងអស់សូមមេត្តាជ្រាបថា៖ ប៉ុន្មានថ្ងៃនេះមានផេកយុវជនម្នាក់នេះក្លែងបន្លំជាយោធានៅព្រំដែន បង្ហោះលើបណ្ដាញសង្គមដែលធ្វើឱ្យមហាជនយើងយល់ច្រឡំ។ យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ ជាជនបំពុលសង្គម។ ខ្ញុំសូម អរគុណច្រើនដែលមហាជនយើងយកចិត្តទុកដាក់តាមដានសភាពការទូទៅបាទ សូមតាមដានស្ដាប់ព៏តមានពិតពីរាជរដ្ឋាភិបាលយើង។

ជាមួយករណីខាងលើនេះដែរ ភាគច្រើនមតិរបស់មហាជនអ្នកលេងបណ្ដាញសង្គម គឺពិតជាចង់ឃើញចំណាត់ការរបស់សមត្ថកិច្ចចំពោះជនប្រឌិតឱ្យមានព័ត៌មានក្លែងក្លាយបំពុលសង្គម និងស្របតាមយុទ្ធនាការរបស់ក្រសួងព័ត៌មានស្ដីពី «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ពីការចូលរួមរបស់ប្រជាជនដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយផងដែរ៕

