បាត់ដំបង÷ ប្រជាពលរដ្ឋមកពីគ្រប់ទីក្នុង និងក្រៅខេត្ត បានសម្រុកទៅចូលលេងកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅក្រោយអាជ្ញាធរខេត្តបានរៀបចំកែលម្អឡើងវិញបានធ្វើឲ្យកំណើនភ្ញៀវទេសចរជាតិមកពីគ្រប់ទិសទីចូលលេងកម្សាន្តយ៉ាងច្រើនមមាញឹក។

លោកពូ នួន សារិន អាយុ ៧០ឆ្នាំជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥នេះចា÷ កាលពីអំឡុង ២ឆ្នាំមុនរមណីយដ្ឋានភ្នំសំពៅហាក់មិនសូវមានប្រជាពលរដ្ឋ មកលេងច្រើនកុះករដូចពេលនេះទេលើកលេងតែបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ប្រភពខាងលើបន្ថែមថា÷ លោកមកលេងលើកនេះមានគ្នាប្រមាណ ២០នាក់ និងវិលត្រឡប់ទៅខេត្តបន្ទាយជ័យវិញនៅពេលព្រលប់បន្តិច។ រមណីយដ្ឋានភ្នំសំពៅ ពេលនេះមានសភាពប្លែកច្រើន ហើយមានបងប្អូនប្រជាពលរដ្ឋយើងមកពីទីជិតឆ្ងាយចូលលេងយ៉ាងច្រើនកុះករ។

ចំណែកយុវជន ប៊ុនថុល ចាន់ថៃ រស់នៅក្នុងស្រុកបាណន់បានរៀបរាប់ឲ្យដឹងដែរថា÷ គាត់មានក្តីរំភើបយ៉ាងខ្លាំងក្រោយឃើញអាជ្ញាធរខេត្ត បានកែលម្អផ្លាស់ប្តូរគោលដៅទេសចរណ៍ ជាតំបន់ទេសចរណ៍ដ៏ចំណាស់មួយនេះ ឋិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ពិសេសបានបង្កលក្ខណះឲ្យប្រជាពលរដ្ឋដែលរស់នៅម្តុំរមណីយដ្ឋាននេះបានលក់ដូរម្ហូបចំណីអាហារ ឬកសិផលផ្សេងៗធ្វើឲ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរ។

យុវជន ចាន់ថៃ បន្តថា គាត់រំពឹងថាអាជ្ញាធរស្រុក ខេត្ត នឹងបង្កើតគំនិតរៀបចំតុបតែងនូវសមិទ្ធិផលថ្មីៗថែមទៀតដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍មកសម្រាកកម្សាន្តនៅថ្ងៃខាងមុខ។

លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា÷ ដំណាក់កាលរដូវធ្លាក់ភ្លៀងនេះភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិចូលមកលេងនៅរមណីដ្ឋានភ្នំសំពៅមានការថយចុះជាងរដូវវិស្សមកាល៕
អត្ថបទ: ដំបងក្រញូង

