មជ្ឈដ្ឋាននានាបានលើកឡើងមតិផ្ទុយគ្នា​ឬមានការភ័ន្ដច្រលំទៅនឹង​ការកែសម្រួល​កងទ័ព និងការ​ដក​កង​​ទ័ព​នៅតំបន់​ជម្លោះ។ មតិខ្លះពីមហាជន​ខ្មែរ​យល់ថា​ការកែសម្រួល​កងទ័ព​គឺជា​ការ​ដកថយ​របស់​កម្ពុជា​ ឯមតិខ្លះទៀត​ថា​ការ​កែម្រួល​កងទ័ព​គឺជាយុទ្ធវិធី​ទ័ព និងការ​បន្ធូរបន្ថយ​ភាព​តានតឹង។

ការលើកឡើង​មតិខាងលើ​កើតចេញបន្ទាប់​ពី​ យោធា​កម្ពុជា​ និងថៃ បានជួប​គ្នា និងបាន​សម្រេច​ធ្វើការ​កែសម្រួល​កម្លាំង​យោធា​​ទាំងសង​ខាង​ឱ្យ​ត្រឡប់​ចូល​តំបន់​ដែលសមស្រប​ដើម្បី​កាត់​បន្ថយ​ការប្រឈម​មុខគ្នា។ នេះបើយោងតាមការ​បញ្ជាក់ពី​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​នៃព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ថ្ងៃទី​៨ ខែមិថុនា​ ឆ្នាំ​២០២៥។​

តាមការបញ្ជាក់​ខាងលើ​នេះ​សបញ្ជាក់​ឱ្យ​ឃើញថា​ការកែសម្រួល​កងទ័ព​គឺមិនមែន​តែកម្ពុជា​នោះទេ គឺភាគី​ថៃ​ក៏បាន​កែសម្រួល​កងទ័ព​ដូចគ្នា ដែលផ្ទុយពីសារព័ត៌មាន​របស់​ថៃ​បាន​សរសេរ​វាយប្រហារ​មកលើ​ប្រទេស​កម្ពុជាថាបានដកទ័ព​ថយ​ ឬលុប​ប្រឡាយ​ (លេណដ្ឋាន) ជាថ្នូរ​ទៅ​នឹង​ការចាញ់ច្រាប​លើការកាត់ផ្ដាច់​អ៊ិនធឺណេត និងការ​បិទព្រំដែន​ជាដើម។​

ផ្ទុយពីទស្សនមួយចំនួន និង​ការលើកឡើង​ពីក្រុមជ្រុល​និយម​របស់​ថៃ​ សម្ដេចតេជោ ហ៊ុន សែន បាន​ពន្យល់​ថា​ ការកែសម្រួល​ផ្ទុយ​ពីការ​ដក​កងទ័ព​។ សម្រួល​កម្លាំងនៅក្នុងទឹកដី​របស់​យើង។​ ការកែសម្រួលប្រៀប​បាន​​នឹងការដេក​លើគ្រែ​ ពីមុនដេកក្បាល​ទៅជើង ឥលូវ​ដេកក្បាល​ទៅកើតវិញ។

ឆ្លើយតប​ទៅ​នឹង​ឆន្ទៈការពារ​អធិបតេយ្យជាតិ ហើយ​គ្មាន​ចេតនា​រំលោភ​បំពាន​ទឹក​ដី​អ្នក​ដទៃ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​លើកឡើងទៀតថា «បើគេបាញ់យើងមុន​ យើងបាញ់គេវិញ​ ដើម្បី​ការពារ​ខ្លួន និងទឹក​ដី​របស់យើង​ តែហាម​មិនឱ្យ​បាញ់​គេ​មុន​ ឬចូល​ក្នុង​ទឹក​ដី​របស់​គេ​»។​

ការលើកឡើង​របស់​សម្ដេច​តេជោ ហ៊ុន​ សែន​នេះ គឺឆ្លើយតប​ទៅ​នឹង​ Comments របស់​ប្រជាពលរដ្ឋ​ ដែលបាន​ចោទសួរ​ក្រោយសម្ដេចបាន​បង្ហោះសារខ្លី​មួយនៅលើផេក​របស់សម្ដេច​កាលពីថ្ងៃទី​៨ មិថុនា ដែល​ធ្វើ​ឱ្យ​មហាជន​មានភាពស្រពិស្រពិល​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល ផ្ទុយ​ទៅវិញ​សម្ដេចបាន​ពន្យល់ច្បាស់​អំពីការ​ការពារ​ទឹកដី និងជំហរ​ដាក់ពាក្យ​បណ្ដឹង​លើ​តំបន់​ទាំង​បួន គឺ​តំបន់​មំបី ប្រសាទតាមាន់តូច ប្រាសាទ​តាមាន់ធំ និង​ប្រសាទ​តាក្របី ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ ICJដដែល។​

ទាក់ទង​ទៅនឹង​ការ​កែសម្រួល​កម្លាំង​ទ័ព​ដែល​សម្ដេចបាន​បង្ហោះលើបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដែលស្រុះស្រួលគ្នារវាង​មេបញ្ជាការ​កងទ័ព​នៃប្រទេសទាំងពីរកម្ពុជា និង​ថៃដើម្បីបញ្ជៀស​នូវការប៉ះទង្គិច​បង្ហូរឈាមទ្រង់ទ្រាយធំ​គឺជារឿង​ចាំបាច់។

សម្ដេចសរសេរបន្ដទៀតថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងថៃពិតជាចង់មាន​សន្តិភាព​ជាបន្ត និង​មិនចង់​​ឃើញនូវសង្គ្រាមនោះឡើយ។​ការស្វែងរកដំណោះស្រាយ​តាមរយៈការចរចាត្រូវ​បានធ្វើតាំងពី​កំរិត​ថ្នាក់រាជរដ្ឋាភិបាល​រហូតដល់មេបញ្ជាការនៅអង្គភាពជួរ មុខទើបមានលទ្ធផលដូចពេលនេះ។

សម្ដេចតេជោបានអំពានាវឲ្យបងប្អូនជនរួមជាតិជឿទុកចិត្តលើ​រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះ​ដោយ​​សន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព និងកិច្ច​សហប្រតិ-​បត្តិការ​ល្អជាមួយប្រទេសជិតខាង។

ជុំវិញការកែសម្រួល​កម្លាំង​នេះ មាន​មជ្ឈដ្ឋាន​មួយចំនួនបាន​លើកឡើង​ថា ​ការកែសម្រួល​កម្លាំង​នេះ អាច​ជាយុទ្ធវិធី​នៃការផ្លាស់ប្ដូរ​ឬរបៀប​​រៀបចំ​កម្លាំង​យោធា​ឱ្យ​សមស្រប​តាម​សភាព​ការ​ណ៍​ជាក់ស្ដែង​ ក្នុង​នោះ​អាច​មាន​ការ​ផ្លាស់​ទី​កងទ័ព​ទៅ​តំបន់​ផ្សេង ការកាត់បន្ថយ​ឬបន្ថែម​កងកម្លាំង​តំបន់ណាមួយ​ ឬការប្ដូរ​បេសកកម្ម​ឬទិសដៅ​ជាយុទ្ធសាស្រ្ត​យោធាប៉ុណ្ណោះ ផ្ទុយពីការ​ដកងទ័ព។​ ការដកកងទ័ព​គឺជាការដក​កម្លាំង​ចេញពី​តំបន់​ប្រយុទ្ធ​ជាដើម។

យ៉ាងណាមិញ​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​រួចទៅហើយ​ការកែសម្រួល​កងកម្លាំង​គឺមិនមែន​ជាការ​ដកទ័ព​នោះទេ​ ផ្ទុយ​ទៅ​វិញ​កម្ពុជា​បាន​ជំហរ​អំពីការ​ការពារ​អធិបតេយ្យ​ភាព​ និងការ​ចរចាសន្ដិវិធី​ ប៉ុន្ដែ​សំណុំរឿង​ព្រំដែន​នៅតំបន់​៤ គឺរក្សា​ការប្ដឹង​ទៅតុលាការអន្ដរជាតិ​ដដែល។​

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងដែរថា នគរបាល​ការពារ​ព្រំដែន​ចំណុះឱ្យក្រសួងមហាផ្ទៃ​មកពេលនេះ​នៅតែបន្ដឈរឈើង​នៅតាម​គោលដៅនៃដែន​អធិបតេយ្យ​​​ស្របច្បាប់​របស់​កម្ពុជា​ដោយភាព​អង្គអាច​ដោយស្មារតី​ស្នេហាជាតិ និងការទទួល​ខុសត្រូវ​ ដោយមិនមាន​ការផ្លាស់ប្ដូរគោលដៅ ឬដកថយគោល​ដៅ​នៃដែនស្រប​ច្បាប់​របស់ខ្លួន​នោះទេ។

ផ្ទុយពីការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថៃ គឺកម្ពុជា​មានតែបន្ថែម​​និងពង្រឹងកម្លាំង​តាមមុខសញ្ញា​ទាំង​អស់​។ ជាក់ស្ដែង​ឧបនាយករដ្ឋមន្រ្តី​ ស សុខា បាន​ចាត់ចែងថ្នាក់ដឹកនាំ​​អគ្គស្នងការដ្ឋាន​ ដើម្បី​ចុះទៅជួយ​គាំទ្រ​បន្ថែមលើនគរបាលព្រំដែន និង​យោធាការពារ​ព្រំដែន​គោក​ដែលកំពុង​ឈរ​ជើង​ការពារ​នៅក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។​ «គាំទ្រទាំងស្មារតី គាំទ្រ​មធ្យោបាយ​ គាំទ្រ​ទាំង​សម្ភារៈ​ឧបករណ៍ប្រើប្រាស់​ គាំទ្រ​ទាំង​ស្បៀង​អាហារ​ និងការ​គាំទ្រ​ឧបករណ៍​សម្ភាសន៍​បម្រើ​ឱ្យការប្រយុទ្ធ​​ដើម្បីការពារ​អធិបតេយ្យ​ជាតិ​ ដោយ​រួមសហការយ៉ាងជិតស្និទ្ធ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ ដែល​កំពុង​ជើងស្រប​ច្បាប់​នៅ​ព្រំដែន ដែលបាន​បញ្ជូន​កម្លាំង​ទៅ​ព្រំដែន​ការពារទឹក​ដី​កម្ពុជា​ប្រឆាំង​រាល់ការឈ្លាន​ពាន​ពី​បច្ចាមិត្ត​ដែល​ចង់ឈ្លានពាន​ទឹក​ដីកម្ពុជា​ ដែលផ្ទុយ​ពីច្បាប់​អន្ដរជាតិ»។ នេះជាការលើកឡើងបន្ថែម​ពី លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ។​

នៅចុងសប្ដាហ៍​កន្លងទៅ​នេះ​ស្ថានភាព​ព្រំដែន​ហាក់ឡើង​កំដៅ ក្រោយពី​ភាគីថៃបាន​បិទច្រក​ជាឯកតោ​ភាគី។ ភាគីថៃ​បាន​បិទ​តាមច្រក​របៀង​ ហើយ​នៅច្រក​អន្ដរជាតិ​ប៉ោយប៉ែតភាគី​ថៃ​បាន​ប្រកាស​​បើក​ព្រំដែន​នៅម៉ោង​៨ព្រឹក និងបិត​នៅម៉ោង​៤រសៀល។​ ឆ្លើយតប​ទៅ​នឹងវិធាន​ការ​របស់​ភាគី​ថៃ​នេះ មួយថ្ងៃបន្ទាប់​ពី​ថៃ​ប្រកាសបិទជាឯកតោ​ភាគីនោះ កាលពី​ថ្ងៃទី​៨ ខែមិថុនា កម្ពុជាបាន​ប្រកាស​បើក​ព្រំដែន​នៅម៉ោង​៩ព្រឹក។ វិធានការនេះ បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ថៃបានមកចរចា​ជាមួយភាគី​កម្ពុជា​ស្នើសុំបើក​ច្រក​នៅម៉ោង​៨ព្រឹក​ដូចខាងថៃដែរ ប៉ុន្ដែខាងកម្ពុជា​បាន​បដិសេធ កាលពីថ្ងៃអាទិត្យ។​

សូមជម្រាប​ជូន​ថា ស្ថានភាព​​ព្រំដែន​កម្ពុជា​ថៃ ឈាន​ដល់​ការ​បញ្ជូន​កម្លាំង​ទ័ព​ និងសព្វាវុធ​ធន់ធ្ងន់​ទៅ​កាន់ព្រំដែន និងការ​ឈាន​ទៅដល់ការបិទព្រំដែន​ជាឯកតោភាគី​​​ពីប្រទេសថៃ និងសភាព​ការណ៍ចុងក្រោយ​គឺកម្ពុជា​និងថៃ​បាន​សម្រេច​កែសម្រួល​កម្លាំងទ័ព​ទាំង​សងខាង ប៉ុន្ដែ​កម្ពុជាបង្ហាញជំហរ​រក្សា​រឿង​តំបន់​ព្រំដែន​៤ចំណុច​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ដដែល​នោះ គឺ​កើត​មាន​បន្ទាប់​ពី​ភាគី​បាន​បើការ​បាញ់​លើ​កម្ពុជា​មុន​បណ្ដាល​ឱ្យ​យុទ្ធជន​ខ្មែរ​ម្នាក់​ស្លា.ប់ កាលពី​ទាប​ភ្លឺ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥៕

Share.