នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបដែលពោរពេញទៅដោយបណ្តាញសង្គមចម្រុះ មួយអន្លើដោយស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃហាក់បាននិងកំពុងតែឡើងកំដៅនោះ គេសង្កេតឃើញចរន្តនៃការបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយកាន់តែផុលផុសគួរឲ្យកត់សម្គាល់។
អាចមានប្រភពច្រើនជាងនេះ ប៉ុន្តែតាមការសង្កេតជាក់ស្តែង គេឃើញមានប្រភពសំខាន់មួយចំនួនដែលបានបញ្ចេញព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំប៉ោងសភាពការណ៍ក្នុងចេតនាទាញយកប្រយោជន៍រៀងងៗខ្លួន។ប្រភពទាំងនោះរួមមាន៖(១).ប្រភពពីមន្ត្រីខ្លះនិងកងទ័ពនៃភាគីឈ្លានពាន (២).ក្រុមប្រឆាំងជ្រុលនិយមនៃប្រទេសទាំងពីរ (៣).ក្រុមMMOនិងក្រុមអ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ។
តើព័ត៌មានក្លែងក្លាយត្រូវបានផ្សព្វផ្សាយយ៉ាងដូចម្តេច?
១.មន្ត្រីនិងកងទ័ពខាងភាគីឈ្លានពាន
តាមការកត់សម្គាល់ ក្រុមមន្ត្រីខ្លះក៏ដូចជាកងទ័ពខាងភាគីឈ្លានពាន តែបង្កើតព័ត៌បំភ្លៃសភាពការណ៍ បំភាន់សាធារណៈមតិឲ្យមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលពិសេសកងទ័ពនៃភាគីកម្ពុជា។ ម្តងហើយម្តងទៀតគេតែងតែលើកឡើងថា ខាងភាគីកម្ពុជាជាអ្នកបង្កបញ្ហា រុញច្រានសភាពការណ៍ឲ្យឡើងកំដៅរហូតដល់មានការប្រយុទ្ធគ្នានៅតាមព្រំដែនក្នុងតំបន់មុំបីស្ថិតនៅក្នុងខេត្តព្រះវិហារ។គេផ្តើមរឹតបន្តឹងនិងបិទព្រំដែនជាឯកតោភាគី រហូតដល់មានការកកស្ទះនៅតាមព្រំដែនបែរជាចោទថា ដោយសារភាគីកម្ពុជាទើបធ្វើឲ្យមានការកកស្ទះនៅតាមព្រំដែន។គេជាអ្នកផ្តើមរឹតបន្តឹងទិដ្ឋាការចេញចូល បែរជាផ្សព្វផ្សាយថា ខាងភាគីកម្ពុជាជាអ្នកចាប់ផ្តើមមុនទៅវិញ។ល។ ឥរិយាបថទាំងប៉ុន្មានដែលស្មេរបានរៀបរាប់ដោយសង្ខេបមកនេះ ពិតជាទឡ្ហីករណ៍គ្រប់គ្រាន់ដែលអាចបង្ហាញបានថា ភាគីម្ខាងទៀតមានចេតនាបង្កបញ្ហា បំប៉ោងសភាការណ៍ ដែលញ៉ាំងមានការប្រឈមមុខដាក់គ្នាកើតឡើងពិសេសនៅតាមតំបន់ព្រំដែន។ ជាងនេះទៅទៀតគេបានផ្សព្វផ្សាយថា គេចង់បានសន្តិភាព គេមិនចង់មានបញ្ហា ប៉ុន្តែនៅពេលដែលកម្ពុជាបបួលឡើងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅទីក្រុងឡាអេនៃប្រទេសហូល្លង់ បែរជាមិនចង់ទៅវិញ ហើយទាមទារចរចាទ្វេភាគីដោយប្រើប្រាស់ផែនទី ជាឯកទីភាគីដែលកម្ពុជាមិនទទួលស្គាល់ទៅវិញ។បើជាមិត្តនិងចង់ធ្វើជាអ្នកជិតខាងល្អនឹងគ្នា ចុះហេតុអ្វីមិនហ៊ានដឹកដៃគ្នាឡើងតុលាការអន្តរជាតិបញ្ចប់បញ្ហាវិវាទព្រំដែនដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយនោះទៅ?
២.ក្រុមប្រឆាំងជ្រុលនិយមនៅថៃនិងកម្ពុជា
ក្រុមប្រឆាំងនៅក្នុងប្រទេសថៃបាននិងកំពុងតែធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងន័យធ្វើយ៉ាងណាដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់ខ្លួន។លើសពីនេះពួកគេក៏ប្រឹងប្រែងបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយផងដែរ ក្នុងចេតនាបំផ្លាញមុខមាត់មេដឹកនាំដែលកំពុងកាន់អំណាច ក៏ដូចជាកេងយកចំណេញពីស្ថានការណ៍ប្រឈមរវាងប្រទេសទាំងពីរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគេប្រឆាំងនិងធ្វើគ្រប់យ៉ាងដើម្បីជាតិសាសន៍របស់គេ ទោះបីជាប្រវត្តិសាសន៍បញ្ជាក់ថា អ្វីដែលជាការទាមទារនិងចង់បានរបស់ក្រុមគេគឺ ការឈ្លានពានទឹកដី កាន់កាប់ប្រាសាទដែលជាកេរដូនតាខ្មែរនោះ មិនអាចទៅរួចក៏ដោយ។ ផ្ទុយស្រឡះពីក្រុមប្រឆាំងនៅស្រុកគេ ក្រុមប្រឆាំងជ្រុលនិយមខ្មែរពិសេស ក្រុមជ្រុលនិយមនៅក្រៅប្រទេសក៏សកម្មខ្លាំងណាស់ដែរ ប៉ុន្តែពួកគេសកម្មនឹងការ ប្រឌិតព័ត៌មានញុះញង់ ព័ត៌មានដែលបំបាក់ទឹកចិត្តកងទ័ពពិសេសព័ត៌មានដែលធ្វើឲ្យមានចលាចលនិងអស្ថិរភាពក្នុងសង្គម។តើឥរិយាបថ របស់ក្រុមប្រឆាំងនេះ ជាការបង្ហាញថា ពួកគេស្រឡាញ់ជាតិ?
៣.ក្រុមMMOនិងអ្នកសារព័ត៌មានដែលគ្មានជំនាញវិជ្ជាជីវៈ
ក្រុមចុងក្រោយនេះ ហាក់មិនខ្វល់ខ្វាយចំពោះប្រយោជន៍រួមនោះឡើយ អ្វីដែលពួកគេខ្វល់ខ្វាយនោះ គឺធ្វើយ៉ាងបង្កើតមាតិកា(រួមទាំងដំណឹងក្លែងក្លាយ ព័ត៌មានប្រឌិត បំប៉ោងសភាពការណ៍)ដើម្បីទាក់ទាញយកចំនួនអ្នកទស្សនា នៅលើបណ្តាញសង្គមក្នុងន័យរកផលចំណេញសម្រាប់ខ្លួននិងបក្ខពួកប៉ុណ្ណោះ។ ចង់ស្រុកទេសកើតបញ្ហា ឬនរណាស្លាប់ឬរស់ក៏ពួកគេមិនខ្វល់នោះដែរ។
តើត្រូវរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយដោយរបៀបណា?
ជារួមព័ត៌មានក្លែងក្លាយ ទោះជាមានប្រភពមកពីណាក៏ដោយគឺសុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។ព័ត៌មានក្លែងក្លាយ អាចបង្កចលាចល អស្ថិរភាពសង្គម បង្កើតឲ្យមានការរើសអើងជាតិសាសន៍ ពិសេសអាចនាំឲ្យសង្គមជាតិបែកបាក់។ ដូច្នេះ គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងដែរ ត្រូវរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ។ក្នុងន័យនេះ អង្គភាពនិងមន្ត្រីពាក់ព័ន្ធផ្នែកព័ត៌មាននិងមតិសាធារណៈត្រូវសកម្មភាពក្នុងការឆ្លើយតប វាយបកបំភ្លឺ បំផ្លាញ(ព័ត៌មានក្លែងក្លាយ)តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត សភាពការណ៍ពិតតាមគ្រប់មធ្យោបាយដែលមានដើម្បីបំភ្លឺដល់សាធារណៈមតិទាំងជាតិនិងអន្តរជាតិពិសេសប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធ។ចណែកមហាជនទូទៅ ក៏អាចចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយផងដែរតាមរយៈការចេះផ្ទៀងផ្ទាត់ព័ត៌មាន និងចៀសវាងចែករំលែកបន្តនូវព័ត៌មានដែល ពុំមានប្រភពច្បាស់លាស។ជាមួយគ្នានេះ អង្គភាពសារព័ត៌មានទាំងរដ្ឋនិងឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវក៏ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត សភាពការណ៍ពិតដើម្បីបន្សាបនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ៕
