នគរបាល​ព្រំដែន​​ស្ថិតនៅក្រោមការគ្រប់គ្រង​និងបញ្ជាផ្ទាល់​របស់ក្រសួងមហាផ្ទៃ តាមរយៈ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ពង្រាយកម្លាំង​ឈរជើង​នៅតាមបន្ទាត់​ព្រំដែន​ដើម្បីការពារបូរណភាព​ទឹកដី ស្រប​តាម​ច្បាប់​ជាតិ​​និង​អន្ដរជាតិ។ ទាក់ទងនឹងបញ្ហាព្រំដែន​​កម្ពុជា​និងថៃ ឧបនាយករដ្ឋមន្រ្តី​ ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បាន​យកចិត្តទុកដាក់​ខ្ពស់​លើបញ្ហាព្រំដែន​ដែលកំពុងក្ដៅគគុក​ ដោយបាន​ចាត់ចែង​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​​ជាតិ​ ដើម្បី​ចុះ​ទៅជួយ​គាំទ្រ​បន្ថែម​លើ​យោធាការពារ​ព្រំដែន​ដែលកំពុង​ឈរជើង​ការពារ​នៅក្នុង​ដែន​អធិបតេយ្យ​របស់កម្ពុជា។

លោកបណ្ឌិត ទូច​ សុឃៈ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា​ ផ្អែក​តាម​ច្បាប់​ក្រសួង​មហាផ្ទៃ គឺទទួល​បាន​នូវ​សម្បទា​គ្រប់​គ្រាន់​នៅក្នុងការ​គ្រប់គ្រង​កងកម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស​ ក្នុង​នោះ​ក៏​មាន​នគរបាល​ការពារ​ព្រំដែន​​ទាំង​ទឹក​និងគោក​។ នគរបាល​ការពារព្រំដែន​គោក​បាន​ឈរ​ជើង​តាំងពីយូរលង់ណាស់​មក​ហើយ​​នៅក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​ស្រប​តាម​ច្បាប់​ជាតិ​និងអន្ដរជាតិ​ដែល​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​អធិបតេយ្យ​។ ដូច្នេះ​មកដល់ពេល​នេះនគរបាល​ព្រំដែន​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ​​បានបន្ដឈរជើង​​នៅតាម​គោលដៅ​​​នៃដែន​អធិបតេយ្យ​ស្រប​ច្បាប់​កម្ពុជា​ដោយ​ភាព​អង្គអាច​ ដោយស្មារតី​ស្នេហាជាតិ និងការ​ទទួល​ខុសត្រូវ​ដោយមិនមានការផ្លាស់ប្ដូរ​គោលដៅ​ឬដកថយ​គោល​ដៅ​​​នៃដែន​ស្រប​ច្បាប់​របស់ខ្លួន​នោះទេ។ ផ្ទុយទៅវិញ​មានតែពង្រឹងកម្លាំង​ដើម្បីការពារ​បូរណភាព​ទឹកដី​អធិបតេយ្យ​ឯកភាព​នៅក្នុង​ករណីមានការឈ្លាន​ពាន​ណាមួយ​ពីសំណាក់​ភាគីណាមួយ​​នោះ។​

ទន្ទឹម​នឹង​ការ​លើកឡើង​អំពីតួនាទី​របស់​កងកម្លាំងនគរបាល​ព្រំដែន​ចំណុះឱ្យ​ក្រសួងមហាផ្ទៃ​ដែល​កំពុង​បន្ដបេសកកម្ម​យ៉ាងស្វាហាប់​នៅតំបន់ព្រំដែន​ដើម្បីការពារ​អធិបតេយ្យ​ជាតិ​កម្ពុជា លោក​បណ្ឌិត ទូច​ សុឃៈ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​បន្ថែមថា ដើម្បីបង្ហាញ​ពីការ​យកចិត្ត​ទុកដាក់​ ការ​លើកទឹកចិត្ត​ពីសំណាក់​ឧបនាយករដ្ឋមន្រ្តី​ ស សុខា រដ្ឋមន្រ្តី​ក្រសួង​ហាផ្ទៃ បាន​ចាត់ចែង​កម្លាំង​ថ្នាក់​ជាតិ​ចុះ​ទៅគាំទ្រ​ដល់​កម្លាំង​កំពុង​ឈរ​ជើង​នៅតាម​បន្ទាត់​ព្រំដែន​ ពោល​គឺ​នគរបាល​ព្រំដែន​គោក​ចំណុះ​​ឲ្យ​ក្រសួង​មហាផ្ទៃ ដែល​នៅទី​នោះ​កំពុង​ដឹក​នាំ​ដោយ​ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ខេង សុមេធ អគ្គស្នងការរង​ទទួល​បន្ទុក​ការងារ​ព្រំដែន​ ហើយ​ក្រុមការងារ​បាន​ចុះ​ទៅប៉ុន្មានថ្ងៃមកហើយ។

កម្លាំងដែលបាន​ចុះ​ទៅ​ព្រំដែន​ក៏បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ សម្ភារៈប្រើប្រាស់​នានា​ដែល​អាច​បម្រើ​ឱ្យ​ការពារ​អធិបតេយ្យ​ជាតិ​របស់យើង នៅក្នុង​ករណី​ចាំបាច់​។ ទន្ទឹម​នឹង​នេះ​ក៏បាន​ដាក់​គោលការ​ណ៍​ដល់​រដ្ឋបាល​ស៊ីវិល ពោល​គឺ​រដ្ឋបាល​រាជធានីខេត្ត​ដើម្បី​ជួយឱ្យ​អស់ពីលទ្ធភាព​នៅក្នុងការ​នាំយក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ និងការសំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង​នគរបាល​ជាតិ​ដែល​កំពុង​ឈរជើង​នៅបន្ទាត់ព្រំដែន​ជាមួយ​នឹង​កងកម្លាំ​ងយោធពល​ខេមរភូមិន្ទ​។
លោកបណ្ឌិត ទូច​ សុឃៈ បន្ដទៀតថា នៅតាមបណ្ដាស្នងការដ្ឋានដែលជាកម្លាំងអាវុធវិញ ក៏ឧបនាយក​រដ្ឋមន្រ្តី​ស សុខា បានណែនាំ​និងបញ្ជា​ឲ្យ​ពង្រឹងដូចគ្នាដែរ​បើ ទោះបីជាបណ្ដា​ស្នងការដ្ឋានទាំងអស់នោះ​មិននៅជាប់​ព្រំដែន​ក៏ត្រូវពង្រឹងកម្លាំងដូចគ្នាដែរដើម្បីបង្ហាញអំពី​ការ​ត្រៀម​លក្ខណៈ នៅក្នុងការគោរព​ឱ្យបានខ្ជាប់ខ្ជួន នូវការ​ដឹកនាំ​ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងប្រសាសន៍របស់​សម្ដេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា និងព្រឹទ្ធាចារ្យ​របស់កម្ពុជា ដែល​បាន​ដឹកនាំ មាគា នយោបាយនៅក្នុងការការពារ អធិបតេយ្យជាតិ​របស់​យើង ពីការឈ្លានពាន​ពី​សំណាក់នូវបច្ចាមិត្ត។

លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍ទៀតថា​កម្លាំងនៅតាមបណ្ដា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​គឺបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ លោកនឹងចុះទៅនៅតាមបន្ទាត់ព្រំដែន​សួរសុខទុក្ខ​កម្លាំង​នគរបាល​​ដែលឈរនៅតាមបន្ទាត់ព្រំដែន​ដោយនាំយកនូវគ្រឿង​ឧបភោគបរិភោគ​និងសម្ភារៈប្រើប្រាស់ដែល បម្រើឱ្យ​កិច្ចការងារ​ប្រចាំថ្ងៃ ជូនទៅដល់​បងប្អូន​ដែលជាកងកម្លាំង​នគរបាល​ការពារព្រំដែន​ដែលកំពុងឈរជើង​នៅ​លើ​ដែនអធិបតេយ្យជាតិរបស់កម្ពុជា ប៉ុន្តែទោះបីយ៉ាងណា​ក៏ដោយ​​​​នេះមិនមែនជាការបង្ហាញណាថាកម្ពុជា​កំពុង​ត្រៀម​ធ្វើ​សង្គ្រាម​នោះទេ ប៉ុន្ដែក្នុងន័យ​ដើម្បី​ការពារ​​​សន្ដិសុខ សន្ដិភាព​ជាតិមួយ​ ដែលជារដ្ឋអធិបតេយ្យ​​ និងជាសមាជិក​របស់​អង្គការ​សហប្រជាជាតិ​ និងជាសមាជិក​អាស៊ាន​ដូចគ្នា។​

ទន្ទឹម​នឹង​នេះ​ការ​ត្រៀម​កម្លាំង​គឺជាផ្នែក​មួយ​នៃការការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ ពោល​គឺ​កម្ពុជា​ដៃម្ខាងទ្រសភាពការ​នៅព្រំដែន ដៃម្ខាងទៀត​ទ្រ​សកម្មភាព​ផ្ទៃក្នុង​ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ស្ថិរភាព​ សន្ដិសុខ និងសណ្ដាប់ធ្នាប់​ជាតិ​ ដើម្បីបម្រើ​ឱ្យ​ផលប្រយោជ​ន៍​នៃជីវភាព​រស់នៅប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា។​ សកម្មភាព​នេះ​ក៏បាន​បង្ហាញ​ឱ្យ​ឃើញថា​នគរបាលជាតិ​ស្ថិត​នៅក្នុង​ខ្សែបន្ទាត់​តែ​មួយ​ជាមួយ​កងយោធពលខេមរភូមិន្ទ ក្រោម​មាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​ និងការណែនាំ​ជាយុទ្ធសាស្រ្ត​របស់សម្ដេចតេជោ ហ៊ុន សេន។​​ នេះជាការលើកឡើងបន្ថែម​របស់​លោក​បណ្ឌិត ទូច​ សុឃៈ។​

លោកបណ្ឌិត​ ទូច សុឃៈ អ្នកនាំពាក្យ​រងក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើរាជរដ្ឋាភិបាល​កម្ពុជា ហើយ​និយាយ​ក្នុងក្របខណ្ឌ​នគរបាល​ព្រំដែន​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ មកដល់ម៉ោង​​នេះ​​កងកម្លាំង​មិន​មាន​ការ​ដក​ចេញ​នោះឡើយ​​ ហើយ​ការណ៍ដែល​ភាគីកម្ពុជា​និងថៃ​បានជួបគ្នា​ ហើយបានសម្រេច​កែសម្រួល​កម្លាំង​ទាំងសងខាង​ដើម្បីបន្ថយ​កម្ដៅ​ តែកម្ពុជា​នៅតែរក្សា​នូវ​សិទ្ធអត្តនោម័ត​នៅក្នុងការ​ចាត់ចែង​កម្លាំង​រក្សាបាន​នូវគោលដៅ​ដែលធ្លាប់ឈរជើង​ជាយូរលង់​ណាស់មកហើយ​ ដែល​ទទួលស្គាល់​ដោយ​ច្បាប់​អន្ដរជាតិ​។ ដូច្នេះ​សូមប្រជាពលរដ្ឋ​ខ្មែរ​កុំចាញ់ការញុះញង់​ពីសំណាក់ក្រុមណាមួយ​ដែល​មានចេតនា​​ទុច្ចរិត​​បង្កើត​ជាកំហឹង​ធ្វើ​ឱ្យប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​របស់យើង​។​

សូមជម្រាបជូនថា ប្រទេសកម្ពុជា​បាន​បង្ហាញសាច់ដុំ​ដាក់គ្នា​សាជាថ្មី​ ក្រោយ​ពី​ថៃបាន​បាញ់​មកលើកម្ពុជា​មុន​នៅតំបន់​មុំ៣ បណ្ដាល​ឲ្យ​យោធិនខ្មែរ​ម្នាក់​បាត់បង់​ជីវិត​កាលពីទាបភ្លឺ​ថ្ងៃទី​២៨​ ខែឧសភា ឆ្នាំ​២០២៥។​ កម្ពុជា​និងថៃ​បាន​បញ្ជូន​សព្វាវុធ និង​កម្លាំងយោធា​ទៅកាន់ព្រំដែន ក្រោយ​មក​ទៀត​ឈានទៅដល់ការបិទព្រំដែន​ជាឯកតោភាគ​នៅច្រក​របៀង​ពីសំណាក់​ភាគីថៃ។ ការបិទ​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត​ ថៃបាន​សម្រេច​បើក​ម៉ោង​៨ព្រឹក​ ហើយបិទ​នៅម៉ោង​៤រសៀល ជាការឆ្លើយតប​កម្ពុជា​សម្រេចបើក​ម៉ោង​៩​ព្រឹក​នៅថ្ងៃអាទិត្យ ដែលធ្វើ​ឲ្យភាគីថៃ​ចរចាបើក​ម៉ោង​៨ដូចគ្នា​ ប៉ុន្ដែភាគីកម្ពុជាបដិសេធ។ ជម្លោះព្រំដែន​នេះ​ញាំង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ជំហរច្បាស់លាស់​មួយ​​ទៅកាន់ភាគីថៃ គឺបាន​យក​សំណុំរឿងព្រំដែន​នៅតំបន់​មុំ៣ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ និងប្រាសាទ​តាក្របី ទៅដោះស្រាយ​នៅតុលាការ​យុត្តិធម៌អន្ដរជាតិ​ ICJ តែភាគីថៃ​មិនចង់​ទៅតុលាការអន្ដរជាតិ ចង់ចរចា​កម្រិត​ទ្វេរភាគីប៉ុណ្ណោះ៕​

Share.