ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានប្រាប់ទៅអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនថៃ ត្រូវត្រៀមរៀបចំនិងបម្រុងទុករួចជាមុននូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ចូល មកក្នុងប្រទេសវិញ និងអ្នករស់នៅតំបន់ព្រំដែន ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំង ប្រដាប់អាវុធដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកទ្វារព្រំដែន ក្នុងនោះត្រូវ រៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនីជាដើម។

សូមចុចអាន៖ ក្រសួងមហាផ្ទៃ​​​យកចិត្តទុកដាក់ខ្ពស់​លើបញ្ហាព្រំដែន​ដែលកំពុងក្ដៅគគុក​រវាងកម្ពុជានិងថៃ

សេចក្ដីណែនាំខាងលើនេះស្ថិតនៅចំណុចត្រេទី៦ ក្នុងចំណោមចំនួន៩ត្រេសំខាន់ៗស្មើនឹង៣ទំព័រ ដែលក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមចុចអាន៖ កម្ពុជានិងថៃ កែសម្រួលកងទ័ព ឯរឿងបណ្ដឹងព្រំដែនទៅតុលការអន្ដរជាតិ ICJ កម្ពុជារក្សាដដែល

នៅក្នុងសេចក្ដីជូនដំណឹងនេះបានផ្ញើសារជាសំខាន់ទៅកាន់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ ក្នុងគោលបំណងឲ្យការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ។

សេចក្ដីជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីហេតុការណ៍នៃការផ្ទុះអាវុធរយៈពេលខ្លី ដែលផ្ដើមឡើងដោយភាគីថៃ ហើយបណ្ដាលឱ្យយោធិនខ្មែរម្នាក់បានស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់មកភាគីថៃបានបិទព្រំដែន ឬការផ្លាស់ប្ដូរវេលាចេញចូល តាមច្រកព្រំដែនដោយឯកតោភាគីពីភាគីថៃ៕

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងដូចខាងក្រោមនេះ

Share.