នៅអំឡុងកិច្ចពិភាក្សា​អំពីវិស័យ​អភិបាលកិច្ច និងសុវត្ថិភាព​សង្គម JICA បន្តគាំទ្រក្រសួងមហាផ្ទៃក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងការពារជនរងគ្រោះ។ ការគាំទ្រនេះ​នៅ​អំឡុង​នៃកិច្ចពិភាក្សារវាង ​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

សូមចុចអាន៖ ក្រសួងមហាផ្ទៃប្រាប់អាជ្ញាធរឲ្យត្រៀមផែនការជម្លៀសពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញ និងអ្នករស់នៅព្រំដែន ក្នុងករណីប៉ះទង្គិចដោយកម្លាំងអាវុធជាមួយភាគីថៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការផ្តល់ការគាំទ្ររបស់ JICA នាពេលកន្លងមករួមមាន វិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ ការបណ្តុះបណ្តាលមន្ត្រី គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ក្នុងគោលដៅផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ដើម្បី កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

សូមចុចអាន៖ ក្រសួងមហាផ្ទៃ​​​យកចិត្តទុកដាក់ខ្ពស់​លើបញ្ហាព្រំដែន​ដែលកំពុងក្ដៅគគុក​រវាងកម្ពុជានិងថៃ

លោក SANUI Kazumasa ក៏បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត អំពីសមិទ្ធផលនានារបស់គម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី១ ដែលបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ ហើយ JICA នឹងបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធនានាក្នុងដំណើរការគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ជាបន្តទៀត។

ក្នុងជំនួបនោះដែរ លោក SANUI Kazumasa ក៏បានលើកឡើងពីការផ្តល់ការគាំទ្ររបស់JICA ក្នុងការចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្ស ដូចជាការផ្តល់យោបល់លើសេចក្តីណែនាំស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ព្រមទាំងការផ្តល់ការគាំទ្រលើជំនួញបច្ចេកទេស 3Es របស់ JICA ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងលើគម្រោងផ្លូវជាតិលេខ៥។

សូមចុចអាន៖ កម្ពុជានិងថៃ កែសម្រួលកងទ័ព ឯរឿងបណ្ដឹងព្រំដែនទៅតុលការអន្ដរជាតិ ICJ កម្ពុជារក្សាដដែល

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះ ការផ្តល់ការគាំទ្ររបស់ JICA លើគម្រោងទាំង៣ ខាងលើ និងបានស្នើសុំ JICA បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋានតាមរយៈការចុះតាមមូលដ្ឋាន ដើម្បីវាយតម្លៃជាក់ស្តែង បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាតវៃ បន្តចូលរួមសហការក្នុងការងារការពារជនរងគ្រោះពីអំពើជួញដូរមនុស្ស បន្តផ្តល់ការបណ្តុះបណ្តាលពលរដ្ឋតាមមូលដ្ឋាន និងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចូលរួមក្នុងការងារសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយក្រសួងមហាផ្ទៃ ស្វាគមន៍ជានិច្ចចំពោះ កិច្ចសហការនានារវាងក្រសួងមហាផ្ទៃ និងJICA៕

Share.