ព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ បានអំពាវនាវឱ្យមន្ត្រីព័ត៌មានក្នុងខេត្តព្រះវិហារ បង្កើនសមត្ថភាព ផលិតព័ត៌មានដែលមានគុណភាព ខ្លឹមសារល្អ និងទាន់ពេលវេលា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកថា វិស័យព័ត៌មានគឺមានតួនាទីសំខាន់ក្នុងការគាំទ្រកិច្ចការរដ្ឋបាល និងគោលនយោបាយរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការគ្រប់គ្រងសាធារណមតិ។ មន្ត្រីព័ត៌មានគួរតែបំពេញភារកិច្ចជាជំនួយការដ៏សកម្មដល់គណៈបញ្ជាការឯកភាពខេត្ត និងរាជធានី ដោយពង្រឹងសមត្ថភាព និងជំនាញក្នុងការផលិតព័ត៌មានទាន់ពេលវេលា មានគុណភាព និងជឿជាក់បាន។

លោកបន្ថែមថា ក្នុងសម័យឌីជីថលដែលព័ត៌មានមានល្បឿនរហ័ស និងចម្រុះខ្លាំងនេះ តម្រូវឱ្យមន្ត្រីព័ត៌មានត្រូវមានការឆ្លើយតបប្រកបដោយយុទ្ធសាស្ត្រ ត្រូវមានការគ្រប់គ្រងល្អលើខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ដើម្បីប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ និងឱ្យទាន់នឹងបញ្ហាសង្គម។ ដូច្នេះទើបក្រសួងព័ត៌មានក្នុងអាណត្តិទី៧ ក៏បានដាក់ចក្ខុវិស័យឱ្យក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈដែលបុរេសកម្ម សកម្ម អន្តរសកម្ម និងប្រកបដោយប្រសិទ្ធភាព។ ជាងនេះទៅទៀត ឯកឧត្តមបានអំពាវនាវឱ្យមានកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាព និងសមិទ្ធផលរដ្ឋបាលឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសង្គមជាតិ។

ជាមួយគ្នា អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានអះអាងពីសារៈសំខាន់នៃការងារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ សម្រាប់ជួយលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមក្នុងខេត្ត។ លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់មន្ទីរព័ត៌មាន ខណៈដែលជួបការលំបាកនានា ប៉ុន្តែអាចផលិតព័ត៌មានល្អៗបានជាច្រើន។

តាមលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តបានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មន្ទីរបានអនុវត្តយ៉ាងសកម្ម ក្នុងការចុះយកព័ត៌មាន និងផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗ ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសក្នុងវិស័យសង្គមឌីជីថល៕

Share.