ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បានប្រាប់កាសែត Thansettakij ថា វិធានការនៃការបើក-បិទព្រំដែន តាមកាលវិភាគរបស់យោធា នឹងធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

លោក បានកត់សម្គាល់ថា សមាជិក FTI មួយចំនួនបានចាប់ផ្តើមទទួលបានផលប៉ះពាល់រួចហើយ បើទោះបីជាបច្ចុប្បន្នមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតក៏ដោយ។
លោក បានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសកម្ពុជា មានតម្លៃប្រមាណ ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ដោយប៉ុស្តិ៍ត្រួតពិនិត្យ Aranyaprathet នៃខេត្តស្រះកែវ គ្រប់គ្រងពាណិជ្ជកម្មច្រើនជាងគេបំផុត ដែលស្មើនឹងប្រមាណ ១១០ពាន់លានបាត ឬប្រហែល ៦៤% នៃតម្លៃសរុប។

លោក Kriengkrai បន្ដថា «នៅពេលនេះ វាពិបាកក្នុងការវាយតម្លៃពីផលប៉ះពាល់ទាំងស្រុង ប៉ុន្តែប្រសិនបើយើងគណនាដោយផ្អែកលើតម្លៃនាំចេញសរុបប្រចាំថ្ងៃ វានឹងមានតម្លៃប្រហែល ៥០០លានបាតក្នុងមួយថ្ងៃ»។ លោកថា «មានតែផ្នែកមួយចំនួនប៉ុណ្ណោះដែលរងផលប៉ះពាល់ផ្ទាល់»។
យ៉ាងណាក៏ដោយ លោក Kriengkrai សង្ឃឹមថា ស្ថានការណ៍នឹងមិនអូសបន្លាយយូរពេកទេ ព្រោះការពន្យារពេលកាន់តែយូរ នោះអាចប្រឈមឥទ្ធិពលកាន់តែខ្លាំង។


ជាមួយគ្នាលោកបានទទួលស្គាល់ថា វិធានការបិទច្រកព្រំដែនបែបនេះនឹងបង្កការរំខានដោយជៀសមិនរួច ប៉ុន្តែលោកយល់ថា វិធានការទាំងនេះចាំបាច់ដើម្បីសម្រួលដល់ការចរចាដោយសន្តិវិធី។
ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) រូបនេះបានលើកឡើងថា «ពិតណាស់ ភាពតានតឹងនឹងធ្វើឱ្យប្រទេសថៃ និងកម្ពុជាមានផលប៉ះពាល់ និងរងទុក្ខដូចគ្នា។ ប៉ុន្ដែគ្មាននរណាម្នាក់ចង់ឱ្យកើតឡើងនោះទេ ព្រោះបើវាកើតឡើងងប្រទេសថៃ ត្រូវបិទច្រកព្រំដែនជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការចរចាគ្នា»។

លោកបញ្ជាក់ទៀតថា «យើងសង្ឃឹមថាកិច្ចពិភាក្សានឹងផ្តល់លទ្ធផលល្អ ជាមួយនឹងការយោគយល់គ្នាទៅវិញទៅមក ដែលអនុញ្ញាតឱ្យប៉ុស្តិ៍ត្រួតពិនិត្យនៅព្រំដែន វិលមករកភាពប្រក្រតីឡើងវិញ ដូច្នេះភាគីទាំង២ អាចបន្តពាណិជ្ជកម្មឡើងវិញដោយគ្មានការរំខានបន្ថែមទៀត»។
លោកបានបន្ថែមថា «រហូតមកដល់ពេលនេះ ការចរចាមានដំណើរការជាវិជ្ជមាន ហើយជាសំណាងល្អដែលមិនមានការវាយប្រហារ ឬសង្គ្រាមកើតឡើង ដោយសារភាគីទាំងពីរបានដោះស្រាយស្ថានការណ៍មុនពេលវាផ្ទុះឡើងជាភ្លើងសង្គ្រាម។ សង្គ្រាមនឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង និងរំខានដល់ជីវភាពប្រចាំថ្ងៃ រួមទាំងប៉ះពាល់ដល់វិស័យពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរផងដែរ»៕

