អ្នកវិភាគថៃបានបង្ហាញក្ដីបារម្ភការចាញ់ក្ដីកម្ពុជានៅតុលាការយុត្តិធម៌អន្ដរជាតិ ខណៈកម្ពុជាបានសម្រេចចិត្តដាក់ជម្លោះព្រំដែន៤កន្លែង រួមមានតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅICJ ។ ហេតុអ្វីបានជាអ្នកវិភាគថៃបារម្ភអំពីការចាញ់ក្ដីនៅតុលាការអន្ដរជាតិ ខណៈមិនបានឡើងការពារផង?

សូមចុចអាន៖ នាយឧត្តមសេនីយ៍ ខេង សុមេធ ផ្ញើសារខ្លីពីព្រំដែន​ផ្ដល់ភាពកក់ក្ដៅ​ដល់កូនខ្មែរ​

ប្រទេសថៃធ្លាប់ចាញ់ក្ដីម្ដងរួចមកហើយនៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ នៅក្នុងសំណុំរឿងកម្ពុជាប្ដឹងទាមទារប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ ហើយតុលការនេះបានកាត់សេចក្ដីឲ្យប្រាសាទព្រះវិហារ និងតំបន់នៅជុំវិញប្រាសាទក្នុងទំហំ៤.៦គីឡូម៉ែត្រ ជារបស់កម្ពុជា។ប៉ុន្ដែភាពគគ្លើនរបស់ថៃមិនគោរពតាមសាលក្រមនេះឡើយបានបង្ករជម្លោះនៅប្រាសាទព្រះវិហារសាជាថ្មី ដោយប្រើប្រាស់កម្លាំងយោធាបាញ់មកលើកម្ពុជានៅអំឡុងឆ្នា២០០៨ ទីបំផុតកម្ពុជាបានប្ដឹងសាជាថ្មី នៅអំឡុងឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ តុលាការបានអះអាងថាសាលក្រមដើមនៅឆ្នាំ ១៩៦២ នៅតែមានប្រសិទ្ធិភាព និងបានបញ្ជាក់ថាតំបន់ជុំវិញប្រាសាទគឺជាផ្នែកមួយនៃទឹកដីកម្ពុជា។

តាមរយៈវីដេអូបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាង Pannika Wanich, សមាជិក​នៃគណៈកម្មាធិការដំណើរការឆ្ពោះទៅមុខ បាននិយាយនៅក្នុងកម្មវិធីតុមូល The Standard Now ថា​អ្នកនាងមានការបារម្ភអំពីការចាញ់ក្ដីសាជាថ្មីនៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ខណៈដែលកម្ពុជាបានសម្រេចចិត្តដាក់តំបន់ជម្លោះទាំង៤ទៅកាន់តុលាការនេះ ដើម្បីបញ្ចប់ជម្លោះ ក្រោយពីថៃបានបើកការបាញ់សម្លាប់យោធិនខ្មែរម្នាក់នៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។

សូមចុចអាន៖ ក្រសួងមហាផ្ទៃប្រាប់អាជ្ញាធរឲ្យត្រៀមផែនការជម្លៀសពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញ និងអ្នករស់នៅព្រំដែន ក្នុងករណីប៉ះទង្គិចដោយកម្លាំងអាវុធជាមួយភាគីថៃ

អ្នកវិភាគពន្យល់ថាថៃអាចនឹងចាញ់ក្ដីព្រោះកម្ពុជាមានក្រុមមេធាវីដែលមានបទពិសោធន៍ខ្ពស់ ជាពិសេសមេធាវីជនជាតិសិង្ហបុរី ដែលធ្លាប់មានជោគជ័យក្នុងក្ដីប្រាសាទព្រះវិហារ។ អ្នកវិភាគថៃរូបនោះបានបញ្ជាក់ទៀតថា ការផ្លាស់ប្ដូរកម្លាំងនៅតំបន់ព្រំដែនមិនមែនជាការដកទ័ពទាំងស្រុងនោះទេ ពីព្រោះកងទ័ពថៃនៅតែស្ថិតនៅក្បែរតំបន់ជម្លោះ។ ដូច្នេះថៃគួរតែចាប់ផ្ដើមត្រៀមឯកសារតាមផ្លូវច្បាប់និងស្វែងរកមេធាវីអន្ដរជាតិដែលមានឈ្មោះល្បី ដើម្បីការពារប្រយោជន៍ជាតិក្នុងករណីប្ដឹងអន្ដរជាតិកើតមានឡើង។

ជុំវិញករណីនៃការបារម្ភរបស់ភាគីថៃនេះ មហាជនខ្មែរបានបញ្ចេញយោបល់ថាកម្ពុជាមិនមែនជាភាគីចាប់ផ្តើមជម្លោះនោះទេ កម្ពុជាបានធ្វើតាមសិទ្ធិរបស់ខ្លួនដើម្បីការពារអធិបតេយ្យភាពលើដែនដីជាតិប៉ុណ្ណោះ។
ពលរដ្ឋខ្មែឬបានបញ្ជាក់ថា តាំងពីដើមមកកម្ពុជាមិនដែលរំលោភដែនដីថៃឡើយ។

អ្វីដែលកម្ពុជាបានធ្វើគឺជាការការពារប្រទេសជាតិ ដោយផ្អែកលើប្រវត្តិសាស្ត្រ និងភស្តុតាងផ្លូវច្បាប់ ដែលបង្ហាញថា តំបន់ជម្លោះដូចជានៅមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជាកម្មសិទ្ធិពិតប្រាកដរបស់កម្ពុជា។ ក្នុងកិច្ចបញ្ចេញមតិនេះ ក៏មានការបង្ហាញពីទំនុកចិត្តខ្ពស់លើការត្រៀមខ្លួនរបស់កម្ពុជាក្នុងវិធានច្បាប់អន្តរជាតិ ដោយមានក្រុមគណកម្មការជំនាញ និងបទពិសោធន៍ក្នុងការការពារប្រយោជន៍ជាតិនៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ។

សូមជម្រាបជូនថា ការបារម្ភរបស់អ្នកវិភាគថៃថាអាចនឹងចាញ់ក្ដីនៅតុលាការអន្ដរជាតិនោះ គឺស្របពេលដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាស បង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ ការប្រកាសបង្កើតគណៈកម្មការនេះកាន់តែផ្ដល់សេចក្ដីទុកចិត្ត និងភាពកក់ក្ដៅជូនប្រជាជនខ្មែរ លើការត្រៀមលក្ខណៈច្បាស់លាស់ទាំងផ្នែកច្បាប់ និងយុទ្ធវិធីការពារអធិបតេយ្យភាពជាតិ និងការត្រៀមលក្ខណៈចរចាសន្ដិវិធីជាទ្វេរភាគីតាមយន្ដការដែលមានស្រាប់ជាមួយភាគីថៃ៕

ចុះអ្នកវិញយល់យ៉ាងណាជុំវិញបញ្ហានេះ?

Share.