ក្រុមជម្រើសជាតិអូស្រ្តាលី ជាក្រុមអាស៊ីទី៦ កក់កៅអីទៅជុំផ្តាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

វគ្គ​ជម្រុះ​ពានរង្វាន់ 2026 FIFA World Cup មាន​ប្រទេស​ចូលរួម​ចំនួន​២០៧ ដោយ​បែងចែក​ជា​៦​ទ្វីប​ផ្សេង​គ្នា។ សម្រាប់​ទ្វីប​អាស៊ី មាន​កូតា​ចំនួន​៨ក្រុម ឡើង​ទៅ​​ប្រកួត​ជុំ​ចុងក្រោយ​ដែល​​អាមេរិក ម៉ិចស៊ីកូ និង​កាណាដា រួម​​ធ្វើ​ជា​​សហ​ម្ចាស់​ផ្ទះ ខណៈ​មាន​១ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​មក​ពី​ទ្វីប​ផ្សេង យក​កៅអី​ឡើង​ទៅ​ដែរ។ នៅ​អាស៊ី មាន​ក្រុម​ចំនួន​៤៦ ត្រូវ​ប្រកួត​ប្រជែង​គ្នា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បែងចែក​ជា​​៥​វគ្គ។

ការ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក FIFA World Cup ធ្វើ​ឡើង​រាល់​៤ឆ្នាំ​ម្តង តែ​កន្លង​ទៅ​កំណត់​យក​ក្រុម​ខ្លាំង​មក​ពី​តាម​បណ្តា​ទ្វីប​ចំនួន​៣២​ក្រុម​ប៉ុណ្ណោះ ដើម្បី​ឡើង​ដល់​វគ្គ​ជុំ​ចុងក្រោយ ប៉ុន្តែ​លើក​នេះ​មាន​ការ​កំណត់​យក​ក្រុម​ដល់​ទី​៤៨​ក្រុម ដើម្បី​ចូលរួម​ប្រកួត៕

Share.