សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ (UNOC3) ដែលប្រារព្ធនៅទីក្រុងនីស ប្រទេសបារាំង ពីថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ប្រធានាធិបតីបារាំងបានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចបវរធិបតីនិងគណៈប្រតិភូ ព្រមទាំងបានប្រកាសពីគម្រោងទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២៦។ ឯកឧត្តមបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងប្តេជ្ញាគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦។

សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ និងការគាំទ្រពេញទំហឹងរបស់បារាំងចំពោះកម្ពុជា។ សម្តេចបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរួមគ្នាក្នុងការរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) ឆ្ពោះទៅរកការលើកកម្រិតទំនាក់ទំនងកម្ពុជា-បារាំងជា “ដៃគូយុទ្ធសាស្ត្រ”។
មេដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលរួមមាន ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌។ ប្រធានាធិបតីបារាំងនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ច។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពិភពលោកទទួលស្គាល់ជំនាញរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន ហើយបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។
ក្នុងក្របខ័ណ្ឌពហុភាគី មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការក្នុងវិស័យអាទិភាពនានា ក្នុងក្របខ័ណ្ឌអាស៊ាននិងអង្គការសហប្រជាជាតិ៕

