ញូវយ៉ក៖ មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តវ៉ាតាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍នេះ ដើម្បី​តវ៉ា​ចំពោះ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បន្ទាប់​ពីមាន​ការ​វាយឆ្មក់​ជា​បន្តបន្ទាប់​ដោយ​អាជ្ញាធរ​អន្តោប្រវេសន៍ និង​គយ (ICE) ដោយបញ្ហានេះបង្ក​ឱ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមអ្នកតវ៉ាបាននាំគ្នាប្រមូលផ្ដុំនៅទីលាន Foley ដែលស្ថិតនៅមុខកន្លែងដែលជនចំណាកស្រុកជាច្រើននាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ពួកគេបានស្រែកថា «គ្មានការស្អប់ គ្មានការភ័យខ្លាច ជនអន្តោប្រវេសន៍ត្រូវបានស្វាគមន៍នៅទីនេះ»។

ប៉ុន្មានថ្ងៃមកនេះ នៅទីក្រុង Los Angeles (LA) នៃរដ្ឋ California ផ្ទុះបាតុកម្មយ៉ាងកក្រើក បានផ្ទុះឡើង ហើយបានប្រែក្លាយ ជាអំពើហិង្សាយ៉ាងវឹកវរ រហូតដល់ថ្នាក់មាន ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ និងទាហានម៉ារីនសរុបរាប់ពាន់នាក់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយបម្រាមគោចរក៏ត្រូវបានដាក់ចេញថែមទៀតផង។ បើតាមប៉ូលិស LA រយៈពេល ៤យប់កន្លងមក មនុស្សយ៉ាងហោចណាស់ ៣៧៨នាក់ ត្រូវបានចាប់ខ្លួន។

សូមជម្រាបថា បាតុកម្មស្រដៀងគ្នា ដែលមានគោលដៅប្រឆាំងអាជ្ញាធអន្តោ ប្រវេសន៍ និងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានរាលដាលដល់ទីក្រុងធំៗដទៃទៀត ដូចជា New York, Chicago, Seattle, Denver, San Francisco និង Atlanta ជាដើមផងដែរ។ ហើយនៅក្នុងសប្តាហ៍នេះ បាតុកម្មក្នុងបុព្វហេតុដូចគ្នា ត្រូវបានគ្រោងធ្វើឡើង នៅតាមទីក្រុងក្នុងរដ្ឋ Texas៕

ប្រភព៖ CNA

Share.