ប៉ារីស៖ អាជ្ញាធរបារាំងបានប្រកាសពីផែនការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម ១៥ឆ្នាំ និងការលក់កាំបិតដល់អនីតិជន បន្ទាប់ពីមានករណីឃាតកម្មចាក់សម្លាប់មួយនៅឯសាលារៀនមួយកន្លែងក្នុងភាគខាងកើតប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Arab News នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

សិស្សសាលាអនុវិទ្យាល័យ អាយុ ១៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ នេះ បន្ទាប់ពីបានចាក់សម្លាប់ជំនួយការសាលា អាយុ ៣១ឆ្នាំ អំឡុងពេលឆែកកាបូបរកអាវុធនៅសាលារៀន។

បើតាមប្រភពពីមន្រ្តីប៉ូលីសបានប្រាប់ភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ ថា ជនបង្កនឹងនៅតែស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីសក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ នេះ។

ក្រោយការវាយប្រហារនេះ​ អាជ្ញាធរបានសន្យាថា នឹងមានវិធានការមួយ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មដោយកាំបិតក្នុងចំណោមកុមារ។

ទន្ទឹមនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃអង្គារ ថា «ខ្ញុំកំពុងស្នើសុំការហាមឃាត់ក្មេងក្រោមអាយុ ១៥ឆ្នាំប្រើប្រព័ន្ធផ្សព្វផ្សាយ។ លោក ថា បណ្ដាញសង្គមមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់អាយុ»។ លោក បានចាត់ទុកបណ្ដាញសង្គមថាជា កត្តាមួយដែលត្រូវស្ដីបន្ទោសចំពោះអំពើហិង្សាក្នុងចំណោមយុវជន។

លោកបានថ្លែងថា «ប្រសិនបើវាមិនដំណើរការ (ក្នុងកម្រិត EU) ទេ យើងនឹងចាប់ផ្តើមធ្វើវានៅប្រទេសបារាំង។ យើងមិនអាចរង់ចាំបានទេ»។ ក្រោយមក លោកបានសរសេរលើ X ថា បទប្បញ្ញត្តិនេះត្រូវបានគាំទ្រដោយអ្នកជំនាញ ហើយថា «បណ្តាញសង្គមមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់អាយុ។ ត្រូវតែធ្វើវា»។

សូមជម្រាបថា ប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានរកឃើញការវាយប្រហារដោយសិស្សសាលាជាច្រើន ដោយកាលពីខែមីនា​ កន្លងទៅ ប៉ូលីសបានចាប់ផ្តើមឆ្មក់ឆែកឆេររកកាំបិត និងអាវុធផ្សេងទៀតដែលលាក់ទុកក្នុងកាបូបរបស់សិស្ស និងជុំវិញសាលារៀន៕

ប្រភព៖ Arab News

Share.