សមាជិកនៃក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ទទួលបានឡានម្នាក់១គ្រឿង ក្រោយប្រជែងបានកៅអីទៅលេងជុំផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ជាលើកដំបូងប្រចាំប្រវត្តិសាស្រ្ត នេះយោងតាមការបញ្ជាក់ពី FootyRoom ។

សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ូសបេគីស្ថាន គឺស្ថិតនៅក្នុងពូល A នៃវគ្គជម្រុះជុំទី៣ ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូលមាន២១ពិន្ទុក្នុងដៃ ខណៈក្រុមជម្រើសជាតិអ៊ឺរ៉ង់ ឈរលេខ១ មាន២៣ពិន្ទុក្នុងដៃ ។ សម្រាប់ក្រុមចំនួន២ផ្សេងទៀតដែលស្ថិតនៅពូលA គឺអារ៉ាប់រួម និងក្រុមកាតា ត្រូវឡើងទៅវគ្គជម្រុះជុំទី៤ បន្តទៀត ។

គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមនៅក្នុងទ្វីបអាស៊ី ដែលបានកក់កៅអីទៅជុំផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២៦ គឺមានចំនួន៦ក្រុម។
នេះជាក្រុមដែលកក់កៅអីទៅ FIFA World Cup ឆ្នាំ២០២៦៖
- ទី១ ក្រុមជម្រើសជាតិជប៉ុន
- ទី២ ក្រុមជម្រើសអ៉ឺរ៉ង់
- ទី៣ ក្រុមជម្រើសហ្ស៊កដានី
- ទី៤ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង
- ទី៥ ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន
- ទី៦ ក្រុមជម្រើសជាតិអូស្រ្តាលី
វគ្គជម្រុះពានរង្វាន់ 2026 FIFA World Cup មានប្រទេសចូលរួមចំនួន២០៧ ដោយបែងចែកជា៦ទ្វីបផ្សេងគ្នា។ សម្រាប់ទ្វីបអាស៊ី មានកូតាចំនួន៨ក្រុម ឡើងទៅប្រកួតជុំចុងក្រោយដែលអាមេរិក ម៉ិចស៊ីកូ និងកាណាដា រួមធ្វើជាសហម្ចាស់ផ្ទះ ខណៈមាន១ក្រុមត្រូវប្រកួតជម្រុះជាមួយក្រុមមកពីទ្វីបផ្សេង យកកៅអីឡើងទៅដែរ។ នៅអាស៊ី មានក្រុមចំនួន៤៦ ត្រូវប្រកួតប្រជែងគ្នា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បែងចែកជា៥វគ្គ។
ការប្រកួតពានរង្វាន់ជើងឯកពិភពលោក FIFA World Cup ធ្វើឡើងរាល់៤ឆ្នាំម្តង តែកន្លងទៅកំណត់យកក្រុមខ្លាំងមកពីតាមបណ្តាទ្វីបចំនួន៣២ក្រុមប៉ុណ្ណោះ ដើម្បីឡើងដល់វគ្គជុំចុងក្រោយ ប៉ុន្តែលើកនេះមានការកំណត់យកក្រុមដល់ទី៤៨ក្រុម ដើម្បីចូលរួមប្រកួត៕

