ក្រុមជម្រើសជាតិអេក្វាឌ័រ ជាប្រទេសទី១៣ កក់កៅអីទៅជុំផ្តាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ ទាំង៣ប្រទេសតែម្តង ខណៈក្រុមដែលមានកៅអីចូលរួមប្រកួតនឹងកើនឡើងដល់ ៤៨ក្រុម បើធៀបនិងឆ្នាំ២០២២ គឺមានចំនួនតែ ៣២ក្រុមតែប៉ុណ្ណោះ ពោលគឺកើនឡើងចំនួន ១៦ក្រុម។

វគ្គជម្រុះពានរង្វាន់ 2026 FIFA World Cup មានប្រទេសចូលរួមចំនួន២០៧ ដោយបែងចែកជា៦ទ្វីបផ្សេងគ្នា។ សម្រាប់ទ្វីបអាស៊ី មានកូតាចំនួន៨ក្រុម ឡើងទៅប្រកួតជុំចុងក្រោយដែលអាមេរិក ម៉ិចស៊ីកូ និងកាណាដា រួមធ្វើជាសហម្ចាស់ផ្ទះ ខណៈមាន១ក្រុមត្រូវប្រកួតជម្រុះជាមួយក្រុមមកពីទ្វីបផ្សេង យកកៅអីឡើងទៅដែរ។ នៅអាស៊ី មានក្រុមចំនួន៤៦ ត្រូវប្រកួតប្រជែងគ្នា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បែងចែកជា៥វគ្គ។
ការប្រកួតពានរង្វាន់ជើងឯកពិភពលោក FIFA World Cup ធ្វើឡើងរាល់៤ឆ្នាំម្តង តែកន្លងទៅកំណត់យកក្រុមខ្លាំងមកពីតាមបណ្តាទ្វីបចំនួន៣២ក្រុមប៉ុណ្ណោះ ដើម្បីឡើងដល់វគ្គជុំចុងក្រោយ ប៉ុន្តែលើកនេះមានការកំណត់យកក្រុមដល់ទី៤៨ក្រុម ដើម្បីចូលរួមប្រកួត៕


