ជំហរឥតងាករេ និងមោះមុត​ ប្រកបកដោយការទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេសជាតិ និងប្រជាជន​ រាជរដ្ឋាភិបាល​កំពុង​បន្ដ​នីតិ​វិធី​រៀប​ចំ​បណ្ដឹង​ក្នុង​សំណុំ​រឿង​ព្រំដែនកម្ពុជា​ថៃ ទៅតុលាការ​យុត្តិធម៌​អន្ដរជាតិ​ បើទោះ​បីជា​ភាគី​ថៃ​មិន​យល់​ព្រម​ដោះស្រាយ​បញ្ហា​ព្រំដែន​តាមយន្ដការ​តុលាការ​អន្ដរជាតិ​នេះ​ក៏ដោយ។​

ជំហរដ៏រឹងមាំ​នេះ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​មតិចរចាម​អារ៉ាម​មួយ​ចំនួន​ដែល​លើកឡើង​ទាំង​ស្រពិចស្រពិល​ថា កម្ពុជាបាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​តាំង​ថ្ងៃ​ទី​២ ខែមិថុនា ហើយ​ខ្លះ​លើកឡើង​ថា កម្ពុជា​ទំនង​ជា​បោះបង់​ចោល​ការប្ដឹង​ទៅតុលាការ​យុត្តិធម៌​អន្ដរជាតិ​ ICJ ព្រោះ​នៅបន្ដ​យន្ដការ​ជជែក​ដោះស្រាយ​ទ្វេរភាគីនៅឡើយ?

ដើម្បី​ជម្រះ​មន្ទិល​ទាំង​នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​ប្រាប់​ទូរទស្សនជាតិ​កម្ពុជា​ហៅកាត់​ ទ.ទ.ក ថា កម្ពុជា​មក​ដល់​ម៉ោង​នេះ បន្ដ​ដំណើរ​ការ​រៀបចំ​សំណុំ​រឿង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ ICJ ដែល​មិនមានការ​រាថយ​នោះឡើយ។ ច្បាស់​ណាស់​កម្ពុជា​មិនទាន់​បាន​ដាក់​ពាក្យបណ្ដឹង​នៅឡើយ​ទេ ប៉ុន្ដែ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្ដេច​បវរធិបតី​ ហ៊ុន ម៉ាណែត​ បាន​លើកឡើង​នៅ​ក្នុង​អង្គសមាជ​ព្រឹទ្ធសភា និង​រដ្ឋសភា​លើក​ដំបូង​នៅថ្ងៃទី​២ ខែមិថុនា គឺអង្គសមាជ​បាន​បោះឆ្នោត​គាំទ្រ និងបាន​ចេញសេចក្ដីថ្លែងការណ៍​រួមគាំទ្រ ​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​យក​ជម្លោះ​នៅតំបន់​មុំ​បី ប្រាសាទ​តាមាន់​តូច​ ប្រាសាទ​តមាន់​ធំ និង​ប្រាសាទ​តាក្របី ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​។

សូមចុចអាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស សុខា និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខនិងលើកទឹកចិត្តនគរបាលការពារព្រំដែន នៅតំបន់មុំបី

ឆ្លើយ​តប​នឹង​មតិមួយចំនួនថា​កម្ពុជា​ចង់​បោះបង់​ការប្ដឹង​ទៅតុលាការ​យុត្តិធម៌​អន្ដរជាតិ ក្រោយ​ពីភាគី​ថៃ​បង្ហាញ​ជំហរ​ចង់ចរចាទ្វេរភាគី ហើយ​មិន​ឡើង​ទៅតុលាការ​យុត្តិធម៌​អន្ដរជាតិ​នោះ ឯកឧត្តម​ ប៉ែន បូណា បាន​លើកឡើង​ថា កម្ពុជា​ក៏​ចង់​ស្ស្ដាប់​ជំហរ​របស់​ថៃ​ឲ្យ​កាន់តែច្បាស់​នៅ​ក្នុង​កិច្ចប្រជុំគណៈកម្មការ ចម្រុះ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅថ្ងៃទី​១៤ ខែមិថុនា ២០២៥ខាងមុខនេះ។​ ប៉ុន្ដែបើទោះបីជំហរថៃ​មិន​ព្រម​ក៏ដោយ ក៏កម្ពុជា​នៅតែបន្ដ​ជំហរ​លើកសំណុំ​រឿង​ព្រំដែន​ទាំង​៤​ខាងលើ​ ទៅដោះស្រាយ​នៅតុលាការ​យុត្តិធម៌​អន្ដរជាតិ​ ICJ ដដែល។

ដើម្បី​យក​ជ័យ​ជម្នះ​នៅតុលាការ​អន្ដរជាតិ កម្ពុជា​កំពុង​រៀបចំ​សមាសភាព​មនុស្ស​ដែលមាន​សត្ថភាព​ និង​ឯកសារ​រឹងមាំ​ ដើម្បី​រៀបចំ​បណ្ដឹង​ទៅតុលាការ​យុត្តិធម៌​អន្ដរជាតិ។ ឯកឧត្តម​ ប៉ែន​ បូណា បាន​លើកឡើង​ទៀតថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ជា​នាយករដ្ឋមន្រ្តី បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​បញ្ហា​នេះ ហើយ​កម្ពុជា​នឹងខិតខំ​ធ្វើ​យ៉ាង​ណា​រៀបចំ​សំណុំ​រឿង​នេះ​ឲ្យ​បាន​លឿន​ប្រកប​ដោយ​ការទទួល​ខ្ពស់​បំផុត​ចំពោះជាតិ និងប្រជាជន។ «សូម​ជឿ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត»។​​

សូមចុចអាន៖ កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីលើកកម្រិតទំនាក់ទំនងជា “ដៃគូយុទ្ធសាស្ត្រ”

សូមចុចអាន៖ អ្នកវិភាគថៃបារម្ភពីការចាញ់ក្តីនៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ សាជាថ្មី

ជំហររាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ច្បាស់​ៗ អំពីការដោះស្រាយ​ព្រំដែន​រវាង​កម្ពុជា​និងថៃ ដោយ​លើកឡើង​សំណុំរឿង​មុំ៣ ប្រសាទតាមាន់​ធំ ប្រាសាទ​តាមាន់តូច និងប្រាសាទ​តាក្របី ទៅតុលាការយុត្តិធម៌​អន្ដរជាតិ ICJ ប៉ុន្ដែ​ក៏បន្ដ​យន្ដការ​ដែល​មាន​ស្រាប់​​​ដូចជាការដោះស្រាយ​តាម​ គណៈកម្មការចម្រុះ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែល​គ្រោង​ជួប​គ្នា​នៅថ្ងៃទី​១៤ ខែ​មិថុនា​ ខាងមុខនេះជាដើម។​ ប៉ុន្ដែ​យន្ដការ​ដោះស្រាយ​ទ្វេរភាគី​ជាប់​គាំង​ ជម្រើស​ចុង​ក្រោយ​គឺ​បញ្ជូន​សំណុំ​រឿង​ទៅតុលាការ​អន្ដរជាតិ។​

នៅត្រង់​នេះ​ ឯកឧត្តមប៉ែន បូណា បាន​សង្កត់​ធ្ងន់ថា ជំហរកម្ពុជា​នៅរក្សា​យក​បញ្ហា​មុំ​៣ ប្រសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយ​នៅតុលាការ​អន្ដរជាតិ តែរាជរដ្ឋាភិបាល​កម្ពុជា មាន​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត បាន​រក្សា​យន្ដការ​ដែល​មាន​ស្រាប់​ដោះស្រាយ​ដោយសន្ដិវិធី​តាមរយៈទ្វេរភាគី ប៉ុន្ដែ​បើ​មានការ​ជាប់​គាំង​ចំណុច​ណាមួយ​នោះជម្រើស​ចុងក្រោយ​ការ​ប្រើប្រាស់​តុលាការ​អន្ដរជាតិ ICJ ដូចសំណុំរឿង​ខាងលើ។​

សូមជម្រាបជូនថា កងទ័ពថៃ​​បានបើក​ការ​​បាញ់មុន ​ចូល​ក្នុង​លេណដ្ឋាន​កម្ពុជា បណ្ដាល​ឲ្យ​យោធិន​ខ្មែរ​ម្នាក់​ស្លាប់​នៅវេលា​ទាប​ភ្លឺ​ ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥។ មួយថ្ងៃ​នៃការប៉ះទង្គិច​រយៈពេល​ខ្លី រវាង​កងទ័ព​កម្ពុជា និងថៃ ប្រទេស​កម្ពុជា​បាន​សរសេរ​កំណត់​ទូត​ទៅ​កាន់ប្រទេស​ថៃ ឱ្យ​បើក​ការ​ស៊ើប​អង្កេត​អំពីការ​បាញ់​យោធិន​ខ្មែរ​ម្នាក់​ស្លាប់​។

រហូត​ដល់​ថ្ងៃទី​២ មិថុនា មាន​អង្គ​សមាជ​ព្រឹទ្ធសភា និងរដ្ឋសភា ហើយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បាន​​លើក​ឡើង​អំពី​បញ្ហា​តំបន់​មុំ​៣ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្របី ទៅ​តុលាការ​ICJ ហើយ​អង្គសមាជ​បាន​បោះឆ្នោត​ឯកភាព និងបាន​ចេញសេចក្ដីថ្លែងការរួម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា។

​នៅថ្ងៃទី​៤ ខែមិថុនា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​ក៏បញ្ជាក់​ទៅ​កាន់​ភាគី​ថៃ​​ចូលរួម​ដោះស្រាយ​ដោយសន្ដិវិធី​នៅតុលាការ​យុត្តិធម៌​អន្ដរជាតិ នៅតំបន់​ទាំង​៤ខាងលើ។​ សេចក្ដីថ្លែង​ការណ៍​​នេះ​​ចង់​ឲ្យ​ថៃ​សហការ ប៉ុន្ដែ​បើ​មិន​សហការណ៍​ក៏កម្ពុជា​ក៏​នៅតែបន្ដ​នីតិវិធី​​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ។

នៅថ្ងៃទី​៦​ ខែ​មិថុនា​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ តែសេចក្ដីសម្រេច​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ​អំពីការ​គណៈកម្មការ​រៀបចំ​ឯកសារ​ដើម្បីប្ដឹង​ទៅតុលាការអន្ដរជាតិ​ខាងលើ នៅថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥។​

នៅថ្ងៃទី​៦ ខែមិថុនា​ដដែល​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​លិខិត​ទៅ​ក្រសួង​ការបរទេស​ថៃ ឲ្យ​ចូលរួម​យក​វិវាទ​ព្រំដែន​ទៅ​រក​ដំណោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ លិខិត​នេះ ធ្វើ​ឡើង​ក្នុង​ស្មារតី​នៃ​មិត្តភាព និង​ប្រកប​ដោយ​ការ​ប្ដេជ្ញា​ដ៏​ស្មោះត្រង់ ក្នុង​ការរួម​រស់​ដោយ​សន្តិសហវិជ្ជមាន ​និង​សុខដុមរមនា របស់​ប្រជាជាតិ​ទាំង​ពីរ។

ជំហររាជរដ្ឋាភិបាលកម្ពុជា​បានបញ្ជាក់ច្បាស់ហើយថា បើទោះបីភាគីថៃ មិនព្រំដោះស្រាយ​តាម​យន្ដការ​តុលាការ​អន្ដរជាតិ ICJក្ដី ក៏កម្ពុជា​នៅតែ​រៀបចំ​​ឯការដាក់ពាក្យ​បណ្ដឹង​ដដែល។ ការដោះ​ស្រាយ​​ណាមួយ​តាមប្រព័ន្ធ​តុលាការអន្ដរជាតិ​ គឺ​សបញ្ជាក់​ឱ្យ​ឃើញ​អំពី​ឆន្ទៈ​របស់រាជ​រដ្ឋាភិបាល​​​​កម្ពុជា​ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយសន្ដិវិធី ដោយមិន​ចង់​ប្រើប្រាស់​កម្លាំង​យោធា​ និងការ​ស្វែង​រកយុត្តិធម៌​តាម​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ ICJ ម៉្លោះហើយ​កម្ពុជា​បាន​នឹង​កំពុងប្រមូល​ឯកសារ​រឹងមាំ និងក្រុម​ជំនាញ​ ដោយ​បាន​បង្កើត​គណៈកម្មការជាតិ​ ដើម្បី​រៀបចំ​សំណុំ​រឿង​ និង​ការ​ត្រៀម​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ផ្នែក​ច្បាប់​​ដោះស្រាយ​នៅតុលាការ​អន្ដរជាតិ​ ICJ៕

Share.