តាមអាជ្ញាជាតិអប្សរាបានបញ្ជាក់ឱ្យដឹងថា ការជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ក្រោមការអនុវត្តដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានសម្រេចលទ្ធផលរួចរាល់ជាង៩០ភាគរយហើយ នឹងគ្រោងបញ្ចប់សព្វគ្រប់ការងារនៅដើមខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
ក្នុងរយៈពេលជាង ១៤ ខែចុងក្រោយនេះ ក្រុមអ្នកជំនាញបានអនុវត្តការជួសជុលយ៉ាងប្រុងប្រយត្ន័ និងយោងតាមបច្ចេកទេសស្ដង់ដារបុរាណវិទ្យា ដើម្បីសង្គ្រោះនូវស្ថាបត្យកម្មដ៏សំខាន់ៗនៃស្ពានដែលធ្លាប់មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រុមការងារបានពង្រឹងគ្រឹះនៅផ្នែកខាងជើង និងខាងត្បូងជាប្រសើរហើយ លើសពីនេះក៏បានរៀបចំកម្រាលពីទិសលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួនាគ និងក្បាលនាគចំនួន ៣ ក៏ដូចជាជើងទម្រនាគ ធ្នឹម និងសសរសងនៅពីរហាងស្ពានផងដែរ។
សព្វថ្ងៃនេះការងារបានសម្រេចជាង ៩០ភាគរយ ដោយនៅសេសសល់តែការងារជួសជុលខ្លះៗទៀតប៉ុណ្ណោះរួមមាន៖ ការពង្រឹងគ្រឹះនៅផ្នែកខាងកើត ការដំឡើងក្បាលនាគបន្ថែមមួយ និងការរៀបចំកម្រាលនៅផ្នែកគល់ស្ពានខាងកើត។
ពីមុនស្ពាននេះមានសភាពយ៉ាងទ្រុឌទ្រោម ដោយរចនាសម្ពន្ធនាគបានរលុំរលាយ ភាគខ្លះនៃគ្រឹះបានស្រុតធ្លាក់ និងមានឬសឈើចាក់ចូលបង្កឱ្យខូចខាត។ កត្តាអាយុកាលនៃសំណង់ និងធម្មជាតិជុំវិញក៏ជាសមាសធាតុសំខាន់នៃការបំផ្លាញនោះផងដែរ។

ដោយឡែកគម្រោងជួសជុលស្ពាននេះបានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែឧសភាឆ្នាំ២០២៤ ដោយប្រើប្រាស់មូលនិធិពិសេសជាចម្បង ពីគម្រោងមេគង្គ–ឡានឆាង។ ការងារនេះត្រូវបានបំពេញដោយការប្តេជ្ញាពេញលេញ និងការប្រើប្រាស់បច្ចេកទេសឧត្តមដើម្បីធានាបាននូវគុណភាពនៃការអភិរក្ស។
ក្រុមជួសជុលមានទំនុកចិត្តថា បន្ទាប់ពីបញ្ចប់ការជួសជុលស្ពាននេះ នឹងអាចអនុញ្ញាតឱ្យភ្ញៀវទេសចរជាដំណាក់កាល អាចឡើងទៅទស្សនាបានជាសុវត្ថិភាព និងអាចស្ថិតរឹងមាំរយៈពេលយូរពីមុខ ដើម្បីចែកចាយបេតិភោជន៍វប្បធម៌ដល់ជំនាន់ក្រោយៗ។ នេះបើតាមអ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានជម្រាបបញ្ជាក់៕

