កែប៖ អភិបាលខេត្តកែប និងប្រធានក្រុមប្រឹក្សាខេត្ត បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹង និងកាត់បន្ថយការរីករាលដាលព័ត៌មានក្លែងក្លាយនៅក្នុងសង្គម។

យុទ្ធនាការនេះ ផ្ដោតសំខាន់លើការពង្រឹងសន្តិសុខព័ត៌មាន និងលុបបំបាត់ព័ត៌មានបោកប្រាស់នៅលើបណ្តាញសង្គម ដោយផ្តល់អាទិភាពលើការផ្ដល់ព័ត៌មានដែលមានគុណភាព និងទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។


ព័ត៌មានក្លែងក្លាយ កំពុងក្លាយជាបញ្ហាប្រឈមធំមួយក្នុងសង្គមកម្ពុជា ជាពិសេសនៅលើបណ្តាញសង្គម ដែលជនខិលខូចខ្លះប្រើប្រាស់ក្នុងគោលបំណងបង្ខូចឈ្មោះរដ្ឋាភិបាល បង្ហោះអត្ថបទឃោសនាប្រឆាំង ឬស្វែងរកអត្ថប្រយោជន៍នយោបាយ និងអាជីវកម្ម។ ស្របពេលដែលភាពចម្រើននៃបច្ចេកវិទ្យាឌីជីថលកាន់តែរីកចម្រើន បានធ្វើឱ្យព័ត៌មានក្លែងក្លាយអាចផ្ទុះខ្លាំង ហើយយុវជនជាក្រុមដែលងាយរងឥទ្ធិពលបំផុត។

ដើម្បីជាការក្រើនរំលឹកដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប នឹងផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទើបអភិបាលខេត្តកែប និងប្រធានក្រុមប្រឹក្សាខេត្ត រួមគ្នាបានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នេះឡើង ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមគួរធ្វើការពិចារណា និងពិនិត្យប្រភពព័ត៌មានឱ្យបានម៉ត់ចត់ មុននឹងចែករំលែក ឬទទួលយកព័ត៌មានណាមួយ៕

