សៀមរាប៖  កម្លាំងនគរបាលខេត្តសៀមរាប នៅថ្ងៃទី ១៣ ខែមិថុនា ២០២៥នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៩ នាក់ ពាក់ព័ន្ធករណីឃាតកម្មដោយប្រើដាវសាំម៉ូរ៉ៃ កាប់បុរសម្នាក់បណ្ដាលឱ្យស្លាប់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ៩ មិថុនា ២០២៥ នៅជិតតូបសាក់រូបមួយ ក្នុងស្រុកក្រឡាញ់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ប៉ៃ ចាន់ថា អាយុ ១៧ ឆ្នាំ បានជិះម៉ូតូជាមួយមិត្តម្នាក់ ចេញទៅយកប្រាក់ពីផ្ទះ ដើម្បីទិញអាហារ លុះពេលត្រឡប់មកវិញ ដល់ត្រង់ចំណុចរាងងងឹតជាប់ថ្នល់ជាតិ ស្រាប់តែត្រូវជនមិនស្គាល់មុខយកដាវសាំម៉ូរ៉ៃកាប់ចំក្បាល បណ្ដាលឲ្យសន្លប់ និងស្លា.ប់នៅវេលាម៉ោង ១ រំលងអាធ្រាត្រថ្ងៃទី ១០ មិថុនា ២០២៥ នៅមន្ទីរពេទ្យគុន្ធបុប្ផា។

ក្រោយពេលទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ កម្លាំងនគរបាល បានចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញា ក្រុមជនសង្ស័យបាន និងឈានទៅដល់ការបាច់ខ្លួនជនសង្ស័យទាំង៩ នាក់ជាបន្តបន្ទាប់។ ក្នុងចំណោមជនសង្ស័យទាំង៩នាក់ មានមួយចំនួនជាជនដៃដល់ផ្ទាល់ និងសមគំនិតក្នុងអំពើហិង្សានេះ។

ក្រោយឃាត់ខ្លួន ជនសង្ស័យាបានឆ្លើយសាភាពថា ពួកខ្លួនមិនមានគំនំជាមួយជនរងគ្រោះទេ ប៉ុន្តែពួកខ្លួនកាប់ជនរងច្រឡំ ដោយស្មានថា ជាភាគីមានទំនាស់ជាមួយពួកខ្លួន ទើបកាប់បែបនេះ។ បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ចតុម្មុខ

Share.