ជាតិ៖ អាជ្ញាធរប្រកាសបិទច្រកព្រំដែនដូង ដើម្បីតបតទៅនឹងវិធានការរបស់ថៃ ដោយភាគីកម្ពុជាបានបិទច្រកព្រំដែនមិនជូនដំណឹងជាមុនដូចគ្នាទៅនឹងភាគីថៃដែលធ្លាប់ធ្វើកន្លងមក។ ករណីនេះ ធ្វើឱ្យឡានដឹកទំនិញរង់ចាំឆ្លងកាត់យ៉ាងអន្ទះសាបានចតនៅស្ងៀមបន្តកន្ទុយគ្នាជាហូរហែ។

យ៉ាងណាមិញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោង១០.០០នាទីព្រឹក នៅចំណុចច្រកព្រំដែនអចិន្ត្រៃយ៍ ត្រង់ចំណុចភូមិឡែម ឃុំទេពនិមិត្ត ស្រុកណាំរ៉ន មានភាពចលាចល ដោយសារភាគីកម្ពុជា បានបិទច្រកទ្វារព្រំដែនទាំងស្រុង ដោយមិនមានការជូនដំណឹងជាមុន បង្កការភ្ញាក់ផ្អើលដល់ឈ្មួញថៃនិងអ្នកធ្វើដំណើរឆ្លងកាត់ ។

ភ្លាមៗសម្ដេចអគ្គមហាសេនា តេជោ ហ៊ុន សែន បានមានប្រសាសន៍ជាសំណេរនៅលើហ្វេសប៊ុកផ្លូវការថា ៖

«ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក នេះឡើងវិញតែពេលណាច្រកព្រំដែន ទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអ៊ីនធឺណិតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា។»

ជាមួយគ្នានេះ លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានបន្តថា ការសម្រចបិទច្រកទ្វារជាស្ថាពរដោយភាគីព្រះរាជាណាចក្រកម្ពុជា នូវច្រកទ្វារព្រំដែនអន្តរជាតិដូង យើងនេះគឺផ្អាកមិនឲ្យមានការនាំចូលទាំងស្រុងនូវគ្រប់ទំនិញ និងកសិផលនានាដែលនាំចេញពីប្រទេសថៃ លើកលែងតែពលករ និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះអនុញ្ញាតឱ្យចូលបាន៕

Share.