ថ្ងៃទី ១៤ មិថនា ឆ្នាំ២០២៥ គឺជាខួប ២៥ ឆ្នាំ នៃអនុស្សារណៈនៃយោគយល់គ្នារវាងកម្ពុជា និងថៃ ដែលភាគីទាំង២ បានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០០ ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហើយក៏ហៅកិច្ចព្រមព្រៀងនេះថា អនុសារណៈនៃការយោគយលគ្នាឆ្នាំ ២០០០ (MOU 2000) ។

ថ្ងៃនេះ ឆ្នាំ ២០២៥ ក៏ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ថៃផ (JBC) ផងដែរ ដោយសារស្ថានការណ៍នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ កាន់តែតឹងតែងឡើងក្រោយពេលផ្ទុះអាវុធមួយប្រាវនៅតំបន់មុំបីក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ។

នៅក្នុងកិច្ចប្រជុំ JBC លើកនេះ ភាគីកម្ពុជាដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកឯភាគីថៃដឹកនាំដោយលោក ប្រសាសន៍ ប្រសាសន៍វិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន។ លោក ប្រសាសន៍ ជាមនុស្សម្នាក់ដែល អតីតនាយករដ្ឋមន្រ្តី លោក អភិស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) តែងតាំងឱ្យធ្វើជាអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០០៩ ដែលពេលនោះ ទំនាក់ទំនងកម្ពុជា-ថៃ មិនបានល្អប្រសើរទេ មានតែភាពតានតឹង។

របៀបវារៈនៃកិច្ចប្រជុំ JBC លើកនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ប៉ុន្តែភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC លើកនេះថា តើថៃនឹងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ?

ចំណែកឯ បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ព្រឹកនេះដែរ ដោយសារ ម្យ៉ាងការបិទ ឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺជាបញ្ហាដែលងាយស្រួលដោះស្រាយ។

សូមជម្រាបថា គិតត្រឹមម៉ោង ១០ កន្លះព្រឹកនេះ កិច្ចប្រជុំនៅមិនទាន់ចាប់ផ្ដើមនៅឡើយ។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.