គណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) របស់ថៃ បានរាយការណ៍កាលពីថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញថា មានក្រុមហ៊ុនអ៊ីនធើណែតយ៉ាងតិចចំនូន១៤ បានរកផលប៉ះពាល់ក្រោយ ភាគីកម្ពុជា សម្រេចកាត់ផ្ដាច់អ៊ីនធើណិត បណ្តាញអគ្គីសនី និងឈប់ចាក់ផ្សាយរាល់ខ្សែភាពយន្តរបស់ថៃ ក្នុងថ្ងៃតែមួយ។

ប្រភពសារព័ត៌មានរបស់ថៃ បានស្រង់សម្តីរបស់លោក Trairat Viriyasirikul អគ្គលេខាធិការស្តីទី NBTC បានរំលេចថាបច្ចុប្បន្ន ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ១៤ មានអាជ្ញាប័ណ្ណសម្រាប់ការតភ្ជាប់បណ្តាញនៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ នេះ រួមមាន៖ National Telecom (NT), Advanced Wireless Network, True Move H Universal Communication, True Internet Corporation, United Information Highway, ALT Telecom, International Gateway, Jastel Network, Symphony Communication, TCC Technology, Interlink Telecom, Electricity Generating Authority of Thailand, Kurz។
សូមបញ្ជាក់ថានៅវេលាម៉ោង១៖១៩នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកជា៣ភាសា ក្នុងមានភាសាខ្មែរ អង់គ្លេស និង ថៃ ជុំវិញមូលហេតុនៃការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិត ពីប្រទេសថៃ ក្នុងខ្លឹមសារថា៖«ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន»។
ជាមួយគ្នានេះដែរសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមផងដែរថា៖«…ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ…»។
នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ថាភាគីថៃ តាមរយៈបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនរបស់ខ្លួនតែងតែលើកការគំរាមគំហែងមកកាន់កម្ពុជា ក្រោយកើនកម្ដៅនៅព្រំដែនរវាងប្រទេសទាំង២ បន្ទាប់ពីមានករណីបាញ់ប្រហាររបស់យោធាខ្លួនមកកាន់យោធាកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ រហូតមានយោធាកម្ពុជា១រូបបានបាត់បង់ជីវិត នៅព្រំដែនតំបន់ចុងបូក ខេត្តព្រះវិហារ របស់កម្ពុជា ជាប់ខេត្តអ៊ូប៊ុន រាចឆាឋានីរបស់ថៃ៕

