ពោធិ៍សាត់៖ ក្នុងដំណើរដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនខ្មែរសៀមព្រឹកថ្ងៃទី 14 ខែមិថុនាឆ្នាំ 2025 នេះ ឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយរួចជាស្រេចដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីតាំងសុវត្ថិភាពដែលមានរៀបចំជាស្បៀងបម្រុងនិងក្រុមគ្រូពេទ្យដើម្បីត្រូលសភាពការណ៍ ក្នុងករណីមានអរិភាពកើតឡើងជាយក្សថាហេតុណាមួយ។

បើតាមឯកឧត្តមអភិបាលខេត្ត ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ស្ថាប័នអង្គភាពមន្ទីទាំងអស់រ បានត្រៀមរថយន្តប្រមាណជាជាង 170 គ្រឿង ទាំងរដ្ឋនិងឯកជន នៅគោលដៅសម្រាប់ដឹកជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីតាំងសុវត្ថិភាពចំនួន 5 កន្លែងនៅក្នុងទីប្រជុំជនស្រុកវាលវែង ដែលក្នុងនោះ មានកន្លែងស្នាក់នៅ បន្ទប់ទឹក ស្បៀងអាហារបម្រុងទុក មានក្រុមគ្រូពេទ្យ មានរថយន្តធន់ធំចំនួន 2 គ្រឿងសម្រាប់ពិនិត្យហ្នឹងព្យាបាល និងមន្ទីរពេទ្យបង្អែកស្រុកជួយអន្តរាគមន៍ ក្នុងករណីណាមួយកើតឡើងធ្ងន់ធ្ងរ។

ដោយឡែកចំពោះបងប្អូនគ្រួសារកងទ័ពដែលនៅកៀកជាប់និងខ្សែបន្ទាត់ព្រំដែនចំនួន 200នាក់គឺពួកគាត់បានជម្លៀសចេញដោយគួរខ្លួនគាត់ទៅរកកន្លែងសុវត្ថិភាពរួចរាល់ហើយ។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សុំឱ្យបងប្អូនប្រជាពលរដ្ឋក៏ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នជាពិសេសទ្រព្យសម្បត្តិផ្ទាល់ខ្លួនវេចខ្ចប់ទុកដាក់ឲ្យរួចរាល់ផងដែរ។សូមបញ្ជាក់ថា ឃុំថ្មដា មានប្រជាពលរដ្ឋសរុបចំនួន 826 គ្រួសារ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានភូមិសាស្ត្រព្រំដែនជាប់ខេត្តត្រាតប្រទេសថៃ៕


អត្ថបទ៖ ពោធិ៍សាត់

