ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥នេះ ជាថ្ងៃដែលប្រជារាស្ត្រខ្មែរទាំងក្នុងនិងក្រៅប្រទេសភាគច្រើនលើសលុបបានបង្ហាញនូវមនោសញ្ចេតនាសប្បាយរីករាយនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនសំណុំរឿងពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
ជាក់ស្តែងសំណុំរឿងពាក់ព័ន្ធនឹងការបញ្ជូនបញ្ហាវិវាទព្រំដែនរវាងកម្ពុជាជាមួយប្រទេសជិតខាងមួយនេះទៅតុលាការICJ បានក្លាយជាប្រធានបទក្តៅសម្រាប់ការជជែកវែកញែកក្នុងចំណោមមហាជននៅតាមទីសាធារណៈពិសេសនៅតាមហាងកាហ្វេក៏ដូចជាអ្នកប្រើប្រាស់បណ្តាទំនាក់ទំនងសង្គម។
ការសម្រេចចិត្តបញ្ជូនសំណុំរឿងជម្លោះព្រំដែនជាផ្លូវការទៅកាន់តុលាការអន្តរជាតិនាពេលនេះគឺជាការជម្រះនូវមន្ទិលទាំងឡាយក្នុងចំណោមមហាជនខណៈដែលភាគីថៃ បានប្រកាសជាច្រើនលើកច្រើសារថា ខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់ICJនោះឡើយ និងបានព្យាយាមម្តងហើយម្តងទៀតក្នុងការបញ្ចុះបញ្ចូលកម្ពុជាឲ្យដោះស្រាយបញ្ហានេះតាមយន្តការទ្វេភាគី។
ដោយមិនអើពើនឹងការអំពាវនាវនិងដោយសារតែអត់ទ្រាំងនឹងឥរិយាបទរំលោភបំពាន ពីភាគីថៃពិសេសពីកងទ័ព ថៃនោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សម្រាប់សម្តេចហ៊ុន ម៉ាណែត កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។
ជាការកត់សម្គាល់ការសម្រេចបញ្ជូនឯកសារផ្លូវការទៅកាន់តុលាការICJរបស់កម្ពុជានាថ្ងៃទី១៥ខែមិថុនានេះ ក៏ធ្វើឡើងស្របពេលដែលគណៈកម្មការចម្រុះកិច្ចការព្រំដែន(JBC)កម្ពុជា-ថៃកំពុងចួបប្រជុំគ្នានៅរាជធានីភ្នំពេញដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ប៉ុន្តែកិច្ចប្រជុំដែលក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ ក្នុងស្រុកយល់ថា គ្រាន់តែជាកិច្ចប្រជុំមួយដើម្បីបង្គ្រប់កិច្ចដោយសារតែភាគីថៃបញ្ជូនតំណាងចរចាដែលមិនមានសិទ្ធិសម្រេចមកចរចាជាមួយមន្ត្រីជាន់ខ្ពស់ទទួល បន្ទុកកិច្ចការព្រំដែនរបស់កម្ពុជាពោលគឺ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសគាំទ្រយ៉ាងពេញទំហឹង។
អ្វីដែលសាធារណៈមតិទាំងនៅកម្ពុជានិងនៅលើពិភពលោកមានការចាប់អារម្មណ៍ដែរនោះ គឺនៅបន្ទាប់ពីទាហាន ថៃបានបាញ់ប្រហារបណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតនៅតំបន់មុំ៣ក្នុងទីតាំងឈរជើងដែលស្ថិតនៅក្នុង ដែនអធិបតេយ្យភាពរបស់កម្ពុជា កាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅ និងបណ្តាលឲ្យមានប្រតិកម្មតបពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាពិសេសការប្រកាសជំហរប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ រួចមក ខាងភាគីបានព្យាយាមដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់រហូតដល់ការគំរាមផ្តាច់ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធអ៊ីនធើណិតជាជាដើម។ជាងនេះទៅទៀតភាគីថៃបានសម្រេចបិទនិងកម្រិតការចេញចូលនៅតាមច្រកព្រំដែនរវាងប្រទេសទាំងពីជាឯកតោភាគីនិងដោយពុំមានការជូនដំណឹងដល់អាជ្ញាធរនិងសមត្ថកិច្ចកម្ពុជារួមទាំងមានសកម្មភាពចល័តទ័ពនៅតាមព្រំដែនថែមទៀតផង។
ក្រៅពីនេះ នៅមានឥរិយាថជាច្រើនទៀតដែលកម្ពុជាពិសេសសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនិងសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីចាត់ទុកថា ជាការប្រមាថមើលងាយមកលើកម្ពុជា។
យ៉ាងណាក៏ដោយ ស្មេរយល់ថា នៅមានកិច្ចការជាច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្តផ្តោតការយកចិត្តទុកដាក់និងត្រូវប្រឈមមុខដោះស្រាយទាំងចំពោះមុខមហិច្ឆតាឈ្លានពានរបស់ទាហានថៃនិងបញ្ហាផ្ទៃក្នុងប្រទេស។បញ្ហាផ្ទៃក្នុងប្រទេសចម្បងៗដែលរាជរដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់មានដូចជា ការទប់ស្កាត់ការតំឡើងថ្លៃទំនិញគ្រប់ប្រភេទ ការដោះស្រាយទីផ្សារការងារសម្រាប់ពលករខ្មែររាប់សែននាក់ដែលអាចនឹងវិលត្រឡប់ឬក៏ត្រូវបញ្ជូនត្រឡប់មកស្រុកវិញ ការលើកកម្ពស់ការផលិតទំនិញក្នុងស្រុកដើម្បីបំពេញតម្រូវការទីផ្សារឬជំនួសឲ្យទំនិញថៃដែលបាននិងកំពុងតែចរាចរនៅទូទាំងប្រទេសជាដើម។
ជារួមមកវិញក្រៅពីអរគុណនិងមានការជឿជាក់ទៅលើចំណាត់ការរបស់រាជរដ្ឋាភិបាលចំពោះសំណុំរឿងជម្លោះព្រំដែនជាមួយប្រទេសជិតខាងដូចជាថៃនេះ បើទោះជានីតិវិធីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិត្រូវប្រើពេលវេលាយូរក្តី ក៏មហាជននៅតែរង់ចាំយ៉ាងអត់ធ្មត់ដើម្បីចង់ដឹងថា តើភាគីថៃដែលតែងតែគឃ្លើនរំលោភបំពានឈ្លានពាន ខ្មែរម្តងហើយម្តងទៀតនោះ មានឥរិយាបថបែបណាទៀតក្រោយពីសាលដីការរបស់តុលាការទីក្រុងឡាអេចេញជាស្ថាពរនោះ។មជ្ឈដ្ឋានខ្លះបានសន្និដ្ឋានខ្លះបានវាយតម្លៃថា ថៃអាចនឹងអាមាសមុខជាថ្មីម្តងទៀតនៅចំពោះសាធារណៈមតិពិភពលោកជាថ្មីម្តងទៀតដូចករណីសាលក្រមរបស់តុលាការទីក្រុងឡាអេដែលបានសម្រេចឲ្យថៃចាញ់ក្តីសំណុំរឿងប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២មិនខាន៕
