អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ១៥ ខែមិថុនា ២០២៥ បានដឹកនាំប្រតិបត្តិការសុវត្ថិភាព ដឹកជញ្ជូនសារធាតុគីមីគ្រោះថ្នាក់ ចំនួន ១៧៤ តោន ៧៦៥ គីឡូក្រាម ពីទីតាំងហានិភ័យ ២ កន្លែង នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទៅរក្សាទុកនៅឃ្លាំងសុវត្ថិភាព ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីធ្វើបំផ្លាញចោលនៅពេលក្រោយ។

ប្រតិបត្តិការនេះបានបំពេញរយៈពេល ១២ ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ ១៤ ខែមិថុនា ឆ្នាំ ២០២៥ និងទទួលបានការគាំទ្រថវិកា និងសម្ភារៈបច្ចេកទេស និងអ្នកជំនាញពីសំណាក់ រដ្ឋាភិបាលអូស្ត្រាលី និងការិយាល័យអគ្គព្រះរដ្ឋអាជ្ញាសាធារណៈរដ្ឋកូរ៉េ (SPO, ROK) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រឹដ្ឋកម្ម (UNODC) ដោយបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ( អ.ជ.អ.គ.) ធ្វើយ៉ងណាដើម្បីធានាសុវត្ថិភាព និងភាពត្រឹមត្រូវនៃការដឹកជញ្ជូន និងការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់។

ការប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងដើម្បីការការពារសុខភាពសាធារណៈ និងបរិស្ថាន ព្រមទាំងបង្ហាញពីការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រឹដ្ឋកម្មផ្សេងៗ៕

អត្ថបទ÷ចតុម្មុខ

Share.